កម្មវិធី Cambodia Idol គឺជាកម្មវិធីប្រកួតប្រជែងទឹកដមសំនៀង ដែលបានឈានចូលមកក្នុងទីផ្សារ ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥ ដោយទូរទស្សន៍ល្បីឈ្មោះក្នុងស្រុក Hang Meas HDTV។ មកទល់នឹងពេលនេះ កម្មវិធី Cambodia Idol ត្រូវបានប្រារព្ធធ្វើឡើងបាន ៤រដូវកាលហើយ។ នៅក្នុងរដូវការទី១ អ្នកដែលគ្រងដំណែងជាម្ចាស់ពានគឺលោក នី រតនា រដូវការទី២គឺ កញ្ញា ឈិន ម៉ានិច រដូវកាលទី៣គឺលោក គ្រី ថៃពៅ និងរដូវការទី៤ ដែលទើបបញ្ចប់ទៅថ្មីៗនេះគឺលោក លីម តិចម៉េង។ ថ្វីត្បិតតែកម្មវិធី Cambodia Idol កំពុងទទួលបានការគាំទ្រខ្លាំងនៅកម្ពុជា ប៉ុន្តែតើអ្នកណាជាបុគ្គលក្រោយខ្នង ជាម្ចាស់ដើមបង្កើតស៊េរីកម្មវិធី Idols ឱ្យល្បីសុះសាយនៅពាសពេញពិភពលោកដូចបច្ចុប្បន្ន?
ក្នុងឆ្នាំ២០០១ អ្នកគ្រប់គ្រងទេពកោសល្យបុគ្គលជនជាតិអង់គ្លេស និងជាអ្នកផលិតកម្មវិធីទូរទស្សន៍ លោក Simon Fuller បានបង្កើតកម្មវិធីមួយឈ្មោះថា Pop Idol។ កម្មវិធីជាស៊េរីនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Fremantle ហើយត្រូវបានចាក់ផ្សាយនៅលើ ITV នៅថ្ងៃទី០៦ ខែតុលាឆ្នាំ២០០១។
ក្រោយមក Fuller បានលក់សិទ្ធ Pop Idol ជុំវិញពិភពលោក ហើយគាត់ត្រូវបានផ្តល់កិត្តិយសក្នុងការបង្កើតទម្រង់ទូរទស្សន៍ដ៏មានតម្លៃបំផុតរបស់ពិភពលោកដែលមានតម្លៃជាង៨ពាន់លានដុល្លារ ដែលបង្កើតឡើងដោយរកប្រាក់ចំណូលពីអ្នកឧបត្ថម្ភ ការលក់ទំនិញ ក្រុមហ៊ុនសេវាទូរស័ព្ទ ការលក់សិទ្ធតន្ត្រី ការលក់សិទ្ធផ្សាយ និងការផ្សាយពាណិជ្ជកម្ម។
ចំពោះដើមចមនៃការបង្កើតកម្មវិធីនេះឡើងគឺ “គោលបំណងធំដើម្បីបង្ហាញនូវបេក្ខភាព ដែលជាតារាចម្រៀងPop ថ្មីៗវ័យក្មេងដែលល្អជាងគេបំផុត នៅអង់គ្លេស ដែលកើតចេញពីការបោះឆ្នោត និងការចូលរួមរបស់មហាជន”។
កម្មវិធី Pop Idol បានសម្រេចលក់សិទ្ធហ្វ្រេនឆាយអាជីវកម្មខ្លួនទៅកាន់បណ្ដាប្រទេសនានា និងបត់បែនឈ្មោះទៅតាមប្រទេសនីមួយៗ ហើយចាប់តាំងពីពេលនោះមក វាបានក្លាយជាសិទ្ធិផ្តាច់មុខទូរទស្សន៍ដែលមានអ្នកមើលច្រើនជាងគេបំផុតរបស់ពិភពលោក ក៏ដូចជាទម្រង់កម្សាន្តដ៏ជោគជ័យបំផុតមួយ ដែលកែសម្រួលនៅក្នុងតំបន់ជាង៥៦ ជុំវិញពិភពលោក និងបានចាក់ផ្សាយទៅកាន់១៥០ ប្រទេស ដែលមានអ្នកទស្សនាទូទាំងពិភពលោកប្រហែល ៣.២ពាន់លាននាក់។ ហ្វ្រេនឆាយអាជីវកម្មនេះនេះរកចំណូលបានជាង២.៥ ពាន់លានដុល្លារឯនោះ។
គួរជម្រាបផងដែរថា លោក Simon Fuller ស្ថាបនិក Pop Idol ដែលមានវ័យ៦២ឆ្នាំរូបនេះ ត្រូវបានគេប៉ាន់ស្មានថាលោកមានទ្រព្យប្រមាណ ៦០០លានដុល្លារ លោកមានកូនប្រុសស្រី៣នាក់ ជាមួយនឹងភរិយា Natalie Swanston ៕
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713