កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការសាងសង់គម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប ជាមួយនឹងក្រុមហ៊ុនសារជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដើម្បីចាប់ផ្ដើមដំណើរការគម្រោងដ៏ធំមួយនេះ។ យ៉ាងណាក្រោយការចុះកិច្ចព្រមព្រៀងនេះរួម ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានម្រេចបង្កើតគណៈកម្មការអន្ដរក្រសួងមួយ ដើម្បីជំរុញការសាងសង់គម្រោងផ្លូវល្បឿនលឿនថ្មីនេះឲ្យបានឆាប់រហ័សផងដែរ។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សមាសភាពនៃគណៈកម្មការអន្ដរក្រសួងខាងលើនេះរួមមាន៖
១. ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន
២. ឯកឧត្ដម សុខ ចិន្ដាសោភាព រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន
៣. ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន
៤. ឯកឧត្ដម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធាន និងសមាជិកចំនួន ២២ រូបទៀត។
សូមជម្រាបផងដែរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀបរាម មានប្រវែងសរុប ២៥០ គីឡូម៉ែត្រ គ្រោងចាយទុនចំនួន ២.៥ ពាន់លានដុល្លារសម្រាប់ដំណាក់កាលទី១។ ក្រោយសាងសង់ដំណាក់កាលទី១ រួច ក៏នឹងមានការសាងសង់តភ្ជាប់ពីសៀមរាបទៅដល់ក្រុងប៉ោយប៉ែតបន្ថែមទៀតផងដែរ ដែលមានប្រវែងប្រមាណ ១៥០ គីឡូម៉ែត្រ គ្រោងចាយទុនចំនួន ១.៥ ពាន់លានដុល្លារ។
តាមការបញ្ជាក់ពីក្រុមហ៊ុន CRBC យ៉ាងត្រឹមឆ្នាំ ២០២៤ គម្រោងផ្លូវល្បឿនលឿនទី៣ នៅក្នុងប្រទេសកម្ពុជានេះ នឹងត្រូវបើកការដ្ឋានសាងសង់ហើយ៕