សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមិនអនុញ្ញាតឱ្យមានការវិនិយោគបើកអាជីវកម្មកាស៊ីណូនៅលើទឹកដីខេត្តសៀមរាបជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការពារ និងរក្សាតម្លៃនៃខេត្តប្រវត្តិសាស្ត្រ និងបេតិកភណ្ឌមួយនេះ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលនៅតែបើកទ្វារចំហស្វាគមន៍ ចំពោះគម្រោងវិនិយោគលើវិស័យសណ្ឋាគារ និងសេវាកម្មទេសចរណ៍ផ្សេងៗ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យហ្លួងម៉ែ» នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានអ្នកខ្លះចង់សុំអាជ្ញាប័ណ្ណ (License) កាស៊ីណូនៅសៀមរាប។ តាំងពីសម័យសម្ដេចតេជោ រហូតមកដល់រាជរដ្ឋាភិបាលថ្មីដែលខ្ញុំដឹកនាំ គឺដាច់ខាតមិនឱ្យមានអាជ្ញាប័ណ្ណកាស៊ីណូណាមួយនៅសៀមរាបឡើយ និយាយឱ្យច្បាស់ឱ្យហើយ។ អ៊ីចឹងសូមកុំមកសុំអាជ្ញាប័ណ្ណកាស៊ីណូនៅខេត្តសៀមរាបឱ្យសោះ! បើធ្វើសណ្ឋាគារ ឬធ្វើអ្វីផ្សេងទៀតគឺអនុញ្ញាតឱ្យធ្វើ ប៉ុន្តែបើធ្វើកាស៊ីណូនៅសៀមរាបគឺអត់ដាច់ខាត»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមដោយស្មារតីទទួលខុសត្រូវខ្ពស់ថា៖ «បើថារលំដោយសារអត់កាស៊ីណូ ឱ្យរលំចុះ! យើងត្រូវយកការទទួលខុសត្រូវលើខេត្តបេតិកភណ្ឌរបស់យើង»។
គួរបញ្ជាក់ផងដែរថា វិធានការដ៏ម៉ឺងម៉ាត់នេះមិនមែនជាលើកទីមួយនោះទេ ដោយកាលពីឆ្នាំ២០២៤ កន្លងទៅ សម្ដេចធិបតីក៏បានបញ្ជាឱ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បញ្ឈប់ការចេញអាជ្ញាប័ណ្ណកាស៊ីណូថ្មីនៅក្នុងខេត្ដគោលដៅទេសចរណ៍ និងធម្មជាតិចំនួនពីរទៀត គឺខេត្តកំពត និងខេត្តកែប។ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍តែការវិនិយោគលើវិស័យសណ្ឋាគារ ឧស្សាហកម្ម កម្មន្តសាល កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសប៉ុណ្ណោះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងសមស្របតាមបរិបទនៃតំបន់នីមួយៗ៕



