ពិតណាស់ សម្រាប់អ្នកធ្វើការ ការិយាល័យ បុគ្គលិកក្រុមហ៊ុន ឬសិស្ស-និស្សិតជាច្រើន ការពឹងផ្អែកលើ ប្រាក់ខែមួយមុខ នៅយុគសម័យបច្ចុប្បន្ន គឺមានហានិភ័យខ្ពស់ណាស់។ មនុស្សជាច្រើនចង់បង្កើតប្រភពចំណូលទី២ ប៉ុន្តែតែងតែជួបឧបសគ្គពីរគឺ គ្មានពេលធ្វើការងារក្រៅម៉ោង និង គ្មានដើមទុនច្រើនទៅរកស៊ី។ តែជាក់ស្តែង ថ្ងៃសៅរ៍ និងអាទិត្យ គឺជា ពេលវេលាមាស ក្នុងការសាកល្បងសមត្ថភាពរកស៊ី ជាពិសេស បើមានដើមទុនត្រឹមតែ ក្រោម ២០០ដុល្លារ អ្នកអាចចាប់ផ្តើមអាជីវកម្មខ្នាតតូចដែលបង្កើតសាច់ប្រាក់បានភ្លាមៗយ៉ាងមានប្រសិទ្ធភាព។
១.លក់ភេសជ្ជៈ ឬអាហារសម្រន់តាម Mobile Stand ឬ Pop-up Booth៖ ចុងសប្តាហ៍ គឺជាពេលដែលមនុស្សម្នាចេញមកកម្សាន្ត ហាត់ប្រាណ ឬដើរទិញអីវ៉ាន់តាមសួនច្បារ និងតំបន់ជុំវិញទីក្រុង។ ទុនវិនិយោគដំបូង គួរមាន $៥០ ទៅ $១៥០ ដើម្បីទិញធុងទឹកកក តុបត់មួយ កែវ និងគ្រឿងផ្សំភេសជ្ជៈ ឬអាហារសម្រន់ (ដូចជា កាហ្វេ តែក្រូចឆ្មា ទឹកផ្លែឈើស្រស់ ឬប្រហិតបំពង) ជាដើម។ រីឯយុទ្ធសាស្ត្រ ត្រូវជ្រើសរើសទីតាំង ដែលមានមនុស្សដើរកាត់ច្រើន (ជិតសួនច្បារ ក្បែរកន្លែងហាត់ប្រាណ ឬច្រកចូលបុរី)។ ផ្តោតលើភាពស្អាតបាត រហ័ស និងតម្លៃសមរម្យ។ ធ្វើតែ ២ ថ្ងៃ (សៅរ៍–អាទិត្យ) អ្នកអាចរកប្រាក់ចំណេញបង្វិលបានភ្លាមៗ។
២.អាជីវកម្មលក់សម្លៀកបំពាក់មួយទឹក (secondhand)៖ ទីផ្សារសម្លៀកបំពាក់ និងរបស់ប្រើប្រាស់មួយទឹក កំពុងតែមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវវ័យ។ ត្រូវមានទុនវិនិយោគ $៨០ ទៅ $១៥០ ហើយយកដើមទុន ទៅបោះដុំខោអាវចម្រុះ ឬរ៉ូបស្អាតៗពីបាវក្បាលគីប (ឬប្រមូលខោអាវផ្ទាល់ខ្លួនដែលនៅថ្មី តែលែងប្រើ) រួចយកមកបោកទឹកឲ្យស្អាត និងអ៊ុតឲ្យស្អាត។ ហើយអ្នកអាចឡាយលក់ តាម Facebook ឬ TikTok នៅយប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ឬយកទៅដាក់តាំងលក់តាមផ្សាររាត្រី និងតាមកម្មវិធីផ្សេងៗផងដែរ។
៣.សេវាកម្មសម្អាត និងថែទាំតាមផ្ទះ ឬយានយន្ត៖ នៅថ្ងៃចុងសប្តាហ៍ មនុស្សធ្វើការភាគច្រើនរវល់ និងចង់សម្រាក ដូច្នេះគេសុខចិត្តចំណាយលុយឲ្យអ្នកដទៃមកជួយធ្វើការងារផ្ទះជំនួស។ គួរតែមានទុនវិនិយោគប្រហែល $៣០ ទៅ $១០០ ដើម្បីទិញឧបករណ៍ និងទឹកថ្នាំសម្អាតស្តង់ដារ (ដូចជា សម្អាតម៉ាស៊ីនត្រជាក់ លាងឡាន ឬម៉ូតូដល់ផ្ទះ ឬសេវាបោកសម្អាតពូក ឬសាឡុង)ជាដើម។ ត្រូវផ្សព្វផ្សាយសេវាកម្មរបស់អ្នកតាមរយៈគ្រុប Telegram ឬ Facebook ក្នុងបុរី តំបន់ដែលអ្នករស់នៅ។ ទទួលការណាត់ជួប (Booking) តែថ្ងៃសៅរ៍ និងអាទិត្យ ដោយផ្តល់សេវាកម្មលឿន និងស្មោះត្រង់។
៤.បង្កើតសេវាកម្ម Freelance តាមជំនាញ ឬថតរូបចុងសប្តាហ៍៖ ប្រសិនបើអ្នកមានជំនាញស្រាប់ ដូចជា ថតរូប កាត់តវីដេអូ ឌីហ្សាញ ឬបង្រៀន អ្នកមិនចាំបាច់ចំណាយទុនលើទំនិញឡើយ គឺប្រើ ជំនាញជាដើមទុន ដោយយកទុនវិនិយោគពី $០ ទៅ $២០០ ក្នុងការចំណាយលើការដាក់ Ads តិចតួច ឬការរៀបចំ Portfolio ស្នាដៃរបស់អ្នកឲ្យស្អាត។ អាចទទួលថតរូបក្នុងពិធីជប់លៀងតូចៗ កម្មវិធីថ្ងៃកំណើត ឬថតរូប Pre-wedding ឲ្យគូស្នេហ៍នៅថ្ងៃចុងសប្តាហ៍ ឬទទួលធ្វើការងារ Freelance ផ្សេងទៀតដូចជាDesign ឬសរសេរ Content តែថ្ងៃសៅរ៍-អាទិត្យ ក៏បាន។
យ៉ាងណាមិញ កុំចាំទាល់តែមានលុយរាប់ពាន់ រាប់ម៉ឺនដុល្លារ ទើបចាប់ផ្តើមរកស៊ី។ អាជីវកម្មធំៗជាច្រើន សុទ្ធតែចាប់ផ្តើមចេញពីមុខរបរតូចតាចនៅចុងសប្តាហ៍បែបនេះឯង។ ការធ្វើបែបនេះ មិនត្រឹមតែជួយអ្នកបង្កើតចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាលារៀន រៀនរកស៊ីពិតប្រាកដ ដែលបង្រៀនអ្នក ពីការលក់ ការគ្រប់គ្រងលុយ និងការដោះស្រាយបញ្ហាដោយផ្ទាល់ដៃ៕


