ហាងឆេងមាសឡើងជិតដល់២,៤០៩$ក្នុង១តម្លឹង តើគួរទិញឬលក់ចេញ? នេះការណែនាំរបស់អ្នកជំនាញ
Toeuy HongNOVEMBER 23 20231.4 K views

កាលពីអំឡុងដើមខែតុលាឆ្នាំ២០២៣នេះតម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិត្រូវគេជួញដូរក្នុងតម្លៃត្រឹមតែ១,៨១១ដុល្លារក្នុងមួយអោនប៉ុន្ដែមកដល់ថ្ងៃទី២៣ខែវិច្ឆិកានេះតម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមហក់ឡើងជិត២ពាន់ដុល្លារក្នុងមួយអោន( ស្មើនឹង២,៤០៩ដុល្លារក្នុងមួយតម្លឹង)។

គិតត្រឹមថ្ងៃនេះមាសបន្តឡើងដល់១,៩៩៦ដុល្លារក្នុងមួយអោន(ស្មើនឹង២,៤០៤ដុល្លារក្នុងមួយតម្លឹង)។ បើតាមការលើកឡើងរបស់លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនិងប្រធានផ្នែកលក់នៃក្រុមហ៊ុនមូលបត្រ PP Link Securities បានឲ្យដឹងថាក្នុងរយៈពេលខ្លី តម្លៃហាងឆេងមាសអាចនឹងមានទំនោរឡើងខណៈតម្លៃខ្ពស់ប្រចាំឆ្នាំ២០២៣គឺនៅ២,០៧០ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញសម្រាប់ការវិនិយោគរយៈពេលវែងវិញតម្លៃហាងឆេងមាសអាចនឹងចុះមកក្រោមវិញ។

លោកបានឲ្យដឹងទៀតថាកត្តាដែលធ្វើឲ្យហាងឆេងមាសចាប់ផ្ដើមហក់ឡើងនាពេលថ្មីៗនេះគឺដោយសារកត្តាភូមិសាស្រ្តនយោបាយដូចជាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងសង្រ្គាមរវាងប៉ាឡេស្ទីនជាមួយអ៊ីស្រាអែល។ ហើយកត្តាមួយទៀតនោះគឺគោលនយោបាយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ ជាក់ស្ដែងធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកសម្រេចមិនបន្តដំឡើងការប្រាក់ដុល្លារដែលធ្វើឲ្យប្រាក់ដុល្លារអាមេរិកចាប់ផ្ដើមធ្លាក់ចុះ។ ដូច្នេះកត្តាទាំងនេះហើយដែលរុញឲ្យតម្លៃមាសហក់ឡើង។

ចុះអំឡុងពេលនេះ តើអ្នកវិនិយោគគួរតែទិញមាសទុកឬលក់មាសចេញ?

ជុំវិញសំណួរថាតើពេលនេះ គួរទិញមាសទុកឬលក់មាសចេញ លោក ឈា ឆាយហេងបានឲ្យដឹងបើយោងពីចិត្តសាស្រ្តនៃការជួញដូរ អ្នកដែលបានទិញមាសកាលនៅតម្លៃខ្ទង់១៨០០ដុល្លារក្នុងមួយអោននិងខ្ទង់១៩០០ដុល្លារក្នុងមួយអោន ពេលមាសឡើងដល់ក្បែរ២ពាន់ដុល្លារក្នុងមួយអោនគឺជាឱកាសដែលពួកគាត់អាចយកផលចំណេញពោលគឺលក់មាសចេញ។

លោកបានបង្ហើបថាជារួមទំហំនៃការជួញដូរមាសនៅចុងឆ្នាំ២០២៣នេះអាចនឹងមានអ្នកលក់មាសចេញច្រើនជាងអ្នកទិញមាសចូលដោយសារតែកម្ដៅនយោបាយរវាងមហាអំណាចចិននិងសហរដ្ឋអាមេរិកហក់បីដូចជាថយចុះច្រើន។ ជាក់ស្ដែងក្នុងប្រជុំអាស៊ីប៉ាស៊ីហ្វិកនៅរដ្ឋកាលីហ្វញ៉ាថ្ងៃមុន ប្រធានាធិបតីអាមេរិក លោក Joe Biden និងលោក Xi Jinping ប្រធានាធិបតីចិនបានបង្ហាញអាកប្បកិរិយាទន់ភ្លន់ដាក់គ្នាតាមរយៈការចាប់ដៃរាក់ទាក់គ្នា។

 បើយើងងាក់មកមើលទីផ្សារហាងឆេងមាសក្នុងស្រុកយើងវិញឃើញថាហាងឆេងមាសក្នុងស្រុកក៏ចាប់ផ្ដើមហក់ឡើងផងដែរ។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះហាងឆេងមាសក្នុងស្រុកឡើងដល់២៣៥ដុល្លារក្នុងមួយជី។

សម្រាប់បងប្អូនចង់ស្វែងយល់នឹងចាប់ឱកាសវិនិយោគលើហាងឆេងមាសអន្តរជាតិអាចធ្វើការសិក្សាស្រាវជ្រាវជាពិសេសអាចទាក់ទងក្រុមហ៊ុនមូលបត្រ PP Link Securities ដើម្បីទទួលបានការប្រឹក្សាបន្ថែមពីការវិនិយោគលើទីផ្សារហិរញ្ញវត្ថុ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia