នៅប៉ុន្មានថ្ងៃចុងក្រោយនេះមាសចាប់ផ្ដើមហក់ឡើងខ្លាំងហើយមកទល់ពេលនេះ ហាងឆេងលើទីផ្សារអន្តរជាតិបន្តឡើងកាន់តែខ្លាំង។ គិតត្រឹមរសៀលថ្ងៃនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបានឡើងដល់២,២៨៥ដុល្លារក្នុងមួយអោន( ស្មើនឹង២,៧៥៣ដុល្លារក្នុងមួយតម្លឹង)
បើហាងឆេងមានបន្តឡើងថ្លៃខ្លាំងបែបនេះ តើយើងគួរបន្តទិញទុកឬលក់មាសចេញ?
បើយោងតាមការលើកឡើងរបស់លោក សួន សាង នាយកប្រតិបត្តិក្រុមហ៊ុន GoldenFourtune Derivatives Exchange( GFDE) បានឲ្យដឹងថាមូលហេតុដែលមាសឡើងថ្លៃគឺដោយសារតែបញ្ហាភាពតានតឹងនៅមជ្ឈឹមបូព៌ាពោលគឺបញ្ហាសង្រ្គាមអ៊ីស្រាអែលជាមួយនឹងប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា។ ជាក់ស្ដែងកាលពីម្សិលមិញនេះអ៊ីស្រាអែលបានប្លោងមីសស៊ីលទៅកាន់កុងស៊ុលរបស់អ៊ីរ៉ងដែលធ្វើភាពតានតឹងកាន់តែខ្លាំង។
លើសពីនេះក៏មានកត្តាផ្សេងទៀតដែលរុញតម្លៃមាសឲ្យឡើងកាន់តែខ្ពស់ ជាពិសេសព័ត៌មាននៃការទម្លាក់ការប្រាក់ដុល្លារអាមេរិក។ ជាក់ស្ដែងធនាគារកណ្ដាលអាមេរិកអាចនឹងទម្លាក់ការប្រាក់ដុល្លារនៅអំឡុងខែមិថុនាឆ្នាំ២០២៤នេះ។ អាមេរិកគ្រោងទម្លាក់ការប្រាក់ខណៈអតិផរណានៅខ្ពស់នៅឡើយ ដូច្នេះអ្នកវិនិយោគមួយចំនួននាំគ្នាសម្រុកទិញមាសព្រោះមាសគឺជាឧបករណ៍ដែលការពារហាងនិភ័យទៅលើអតិផរណា។
លោកបានឲ្យដឹងទៀតថាបើតាមការយល់ឃើញរបស់លោកមាសអាចនឹងបន្តឡើងទៀតប៉ុន្ដែអ្នកវិនិយោគត្រូវប្រុងប្រយ័ត្នព្រោះតម្លៃវាអាចនឹងធ្លាក់មកវិញបន្តិចមុននឹងវាងបន្តឡើងទៅទៀត។ ចំពោះសំណួរដែលសួរថាតើពេលនេះគួរទិញមាសទុកឬលក់ចេញ លោកបានផ្ដល់យោបល់ថាកុំទាន់គួរទិញនោះទេព្រោះតម្លៃវានៅថ្លៃ។ ត្រង់នេះលោកក៏បានបញ្ជាក់ផងដែរថាជានិន្នាការរយៈពេលវែងតម្លៃមាសនៅតែបន្តឡើងប៉ុន្ដែវាអាចធ្លាក់មកក្រោមខ្លះដើម្បីឲ្យមានអ្នកទិញចូលថ្មីនៅបន្តទិញចូលទៀតមុននឹងវាបន្តឡើងក្នុងរយៈពេលវែង។
គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃនេះ សម្រាប់ហាងឆេងមាសក្នុងស្រុកយើងវិញក៏ចាប់ផ្ដើមឡើងថ្លៃដូចហាងឆេងមាសអន្តរជាតិផងដែរ ដោយមកទាល់ពេលនេះហាងឆេងមាសក្នុងស្រុកមានតម្លៃ២៥៥ដុល្លារក្នុងមួយជី។ ចង់តាមដានហាងឆេងមាសនិងការវិនិយោគអាចចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong