ថ្ងៃទទួលពានរង្វា.ន់នៅសិង្ហបុរី ស៊ីន យូប៊ីន និយាយបែបនេះអំពីកម្ពុជា ប្រាប់អ្នកវិនិយោគបរទេស
Kan DaraMAY 30 2024658 views

ក្នុងថ្ងៃឡើងទទួលពានរង្វាន់ Inspirational Women  Hall of Fame ពីកម្មវិធី HOFS AWARDS 2024 (Hall of Fame in Singapore 2024) ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី តារាសម្តែងស្រី ស៊ីន យូប៊ីន បានប្រាប់ភ្ញៀវក្នុងពិធីដែលសុទ្ធសឹងជាវិនិយោគិនល្បីៗមកពីបណ្តាប្រទេសផ្សេងៗថា កុំមើលរំលង ក្នុងការមកបណ្តាក់ទុន នៅប្រទេសកម្ពុជា។

ខណៈដៃកំពុងកាន់ពានរង្វាន់ កញ្ញា ស៊ីន យូប៊ីន ដែលជាតារាសម្តែងឆ្នើមលំដាប់ប្រទេសកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រសិនអ្នកចង់ពង្រីកមុខជំនួញសូមកុំមើលរំលងប្រទេសកម្ពុជាឲ្យសោះ។ ហេតុអ្វី? ពីព្រោះបើទោះកម្ពុជាជាប្រទេសតូចក្តី តែយើងមានសក្កានុពល និងមានបេះដូងធំ ហើយស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល។ ក្នុងនោះយើងបង្កើតបានសមិទ្ធផលដ៏ល្អក្នុងពេលដ៏ឆាប់រហ័ស»

កញ្ញាបានបន្ថែមទៀតថា៖ «កម្ពុជាមិនដែលភ័យខ្លាចក្នុងការចូលរួមបោះជំហានឆ្ពោះទៅមុខឥតឈប់ឈរ មិនថាស្ថិតក្នុងស្ថានភាពណាមួយឡើយ ដូច្នេះទើបយើងបង្កើតឱ្យមានពាក្យស្លោកមួយថា “ខ្មែរធ្វើបាន” ជាចំណុចដែលធានាថា ការវិនិយោគនៅកម្ពុជា ពិតជាទទួលបានលទ្ធផល ឈ្នះ-ឈ្នះ ជាក់ជាមិនខាន»

គួរជម្រាបផងដែរថា នេះមិនមែនលើកដំបូងទេ ដែលតារាសម្តែងឆ្នើម ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ពីកម្មវិធី «HOFS AWARDS 2024» ព្រោះកញ្ញាធ្លាប់ទទួលបានពានរង្វាន់នេះម្តងហើយ កាលពីឆ្នាំ២០២៣ កន្លងទៅ។ ក្នុងឱកាសនោះ កញ្ញាបានប្រើប្រាស់សំឡេងរបស់ខ្លួន ផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ដោយបានលើកឡើងពីតំបន់ទេសចរណ៍ ភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ និងបានជំរុញលើកទឹកចិត្តភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅកម្ពុជា យ៉ាងហោចណាស់ម្តងក្នុងជីវិត៕

អត្ថបទដោយ៖ កាន់ ដារ៉ា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia