ក្រោយរង់ចាំអស់រយៈពេលជាច្រើនខែឆ្នាំរួចមក ទីបំផុតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ ដោយគម្រោងព្រែកជីកថ្មីនេះការសាងសង់ត្រូវចែកចេញជា ២ កំណាត់ ដោយក្នុងកំណាត់ទី១ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមង្គ ទៅដល់ព្រែកពោធិ៍នៃទន្លេបាសាក់ មានប្រវែង ២១ គីឡូម៉ែត្រ និងកំណាត់ទី២ ចាប់ផ្ដើមពីទន្លេបាសាក់ខេត្ដតាកែវ ទៅដល់សមុទ្រខេត្ដកែប មានប្រវែង ១៥៩ គីឡូម៉ែត្រ។
ការសាងសង់ចាប់ផ្ដើមហើយ តើគម្រោងព្រែកជីកហ្វូណនតេជោនេះ កាន់កាប់ភាគហ៊ុនដោយក្រុមហ៊ុនណាខ្លះ?
បើតាមប្រសាសន៍លើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកការដ្ឋានខាងលើបានឲ្យដឹងថា សម្រាប់កំណាត់ទី១ នៃគម្រោងព្រែកជីកហ្វូនតេជោនេះ គឺមានក្រុមហ៊ុនខ្មែរ១០០%ជាអ្នកអនុវត្ដ ហើយក្នុងក្រុមហ៊ុនខ្មែរ ១០០% នេះគឺមានសហគ្រាសសាធារណៈរបស់រដ្ឋ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងភ្នំពេញ ៥១% ហើយក្រៅពីនោះមានក្រុមហ៊ុន OCIC ៤៩%។ ដោយឡែកកំណាត់ទី២ ចាប់ផ្ដើមពីទន្លេបាសាក់ រហូតដល់សមុទ្រខេត្ដកែប គឺមានការចូលរួមពីក្រុមហ៊ុន CRBC របស់ចិនដែលមាន ៤៩% ហើយក្រុមហ៊ុនខ្មែរមាន ៥១ %។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។
សម្រាបការសាងសង់ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបាន៕