កំណើននៃការលាឈប់របស់បុគ្គលិកល្អៗអាចនឹងធ្វើឱ្យក្រុមហ៊ុនមានការលំបាកក្នុងការស្វែងរកបុគ្គលិកថ្មីៗ ព្រោះត្រូវចំណាយពេលវេលារើសនិងសម្ភាសន៍ថ្មី។ ក្នុងនោះបើយោងតាមការស្រាវជ្រាវរបស់ Connecteam បានឱ្យដឹងថាបុគ្គលិកដែលកំពុងអស់អារម្មណ៍ធ្វើការងារ ហើយចង់ដាក់ពាក្យលាឈប់ច្រើននឹងបង្ហាញសញ្ញាធំៗ៤យ៉ាងក្នុងចំណោមសញ្ញាផ្សេងៗដូចខាងក្រោម។
១. កាត់បន្ថយផលិតភាព៖ មុនពេលការលាលែងរបស់បុគ្គលិកអាចមានសញ្ញាមួយចំនួនបញ្ជាក់ថាបុគ្គលិក ចាប់ផ្តើមចង់លាឈប់ហើយ ដោយក្នុងនោះពួកគេអាចនឹងបំពេញការងារតិចជាងធម្មតា ហើយគុណភាពនៃការងារបានធ្លាក់ចុះ ហើយចាប់ផ្តើមបង្កើតកំហុសជាហូរហែដែលមិនធ្លាប់ធ្វើពីមុនមក។
២. មិនចូលរួមកម្មវិធីក្រុមហ៊ុន៖ សញ្ញាដែលបង្ហាញថាបុគ្គលិកកំពុងអស់អារម្មណ៍ធ្វើការ គឺពួកគាត់នឹងកាត់បន្ថយឬមិនចូលរួមសកម្មភាពនានាដែលប្រារព្ធឡើងដោយក្រុមហ៊ុន ហើយក្នុងនោះតាមការស្រាវជ្រាវរបស់ Academy of Management Discoveries បានរកឃើញថាបុគ្គលិកដែល ឆ្លើយតបសារយឺត១-២ថ្ងៃ ឬមិនមើល មើលហើយមិនឆ្លើយសោះ អាចជាសញ្ញាមួយក្នុងចំណោមសញ្ញាដែលបុគ្គលិកកំពុងពិចារណាចង់លាឈប់ពីការងារ។
៣. ប្រែប្រួលអត្តចរិត៖ សញ្ញានៃការប្រែប្រួលអត្តចរិត ប្រសិនបើបុគ្គលិកណាម្នាក់ធ្លាប់តែ រួសរាយរាក់ទាក់ មានលទ្ធផលការងារល្អនិងតែងសហការគ្នា ប៉ុន្តែប្តូរអត្តចរិតទៅជាឆាប់ខឹង មានការមិនពេញចិត្តមិត្តរួមការងារ មិនពេញចិត្តគោលការណ៍ក្រុមហ៊ិន ដែលជាសញ្ញាបង្ហាញថាពួកគេមានការខកចិត្តនឹងស្ថានភាពការងារបច្ចុប្បន្នហើយកំពុងពិចារណាលាឈប់ពីការងារ ដោយក្នុងនោះក៏រួមបញ្ចូលបញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលិកផងដែរ ដូចជាបញ្ហាគ្រួសារឬបញ្ហាផ្ទៃក្នុងជាដើម។
៤. អវត្តមានញឹកញាប់៖ នៅពេលដែលបុគ្គលិកគ្មានចំណង់នឹងការងារពួកគេអាចនឹងអវត្តមានញឹកញាប់នៅការិយាល័យ ដោយមានពេលខ្លះ ទាក់ទងមិនចូលឬមិនផ្តល់ដំណឹងឱ្យជាដើម។ ចំពោះមូលហេតុដែលធ្វើឱ្យពួកគេតែងតែអវត្តញឹកញាប់នោះអាចជាការចំណាយថែទាំសុខភាពផ្លូវចិត្ត ដោយដកឃ្លាពីការិយាល័យឱ្យបានច្រើនតាមដែលអាចធ្វើបាន ឱកាសស្វែងរកការងារថ្មី ឬទៅសម្ភាសន៍ការងារ។
យ៉ាងណាមិញបើយោងតាមទិន្នន័យស្រាវជ្រាវភាពជាអ្នកដឹកនាំសកលរបស់ DDI បានឱ្យដឹងថាមូលហេតុចម្បងដែលបុគ្គលិកល្អៗលាឈប់ គឺដោយសារតែពួកគេធ្លាក់ទឹកចិត្ត ហើយអ្នកដឹកនាំមិនមានជំនាញដើម្បីជួយពួកគេ ខណៈមានតែ១៥%ប៉ុណ្ណោះនៃអ្នកដឹកនាំ ក្នុងឆ្នាំ២០២២ ដែលមានសមត្ថភាពត្រៀមខ្លួនទប់ស្កាត់និងទាញមកវិញនៃការចាកចេញរបស់បុគ្គលិកល្អៗនៅក្នុងក្រុមហ៊ុនរបស់ពួកគេ៕
អត្ថបទដោយ៖ ពីង ជូអេង