មិនធម្មតា! ផ្តើមចេញពីលុយ ១៥០ដុល្លារ ធ្វើឲ្យបុរសម្នាក់នេះ អាចបង្កើតជាចំណូលរាប់លា.នដុល្លារ ពីរបរសាមញ្ញ១នេះ
ធី ស្រីល័ក្ខ•OCTOBER 6 2026•13 views

ផ្តើមចេញពីដើមទុនប្រមាណជា ១៥០ដុល្លារ លោក Seth Berkowitz អាចបង្កើតរបររកស៊ីមួយរហូតអាចប្រែក្លាយលុយពី ១៥០ដុល្លារ ក្លាយទៅជាចំណូលជិត២០០លានដុល្លារក្នុងមួយឆ្នាំ តាមរយៈការលក់នំ Cookie ។

 

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា លោក Seth Berkowitz គឺជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តក្នុងការញ៉ាំនំ Cookies ជាខ្លាំង នៅយប់មួយអំឡុងពេលរៀននៅសាកលវិទ្យាល័យ Pennsylvania ក្នុងឆ្នាំ ២០០២ ដោយសារភាពស្រេកឃ្លាននៅពេលយប់ Berkowitz បានសម្រេចចិត្តដុតនំទាំងយប់ដើម្បីញ៉ាំ បន្ទាប់ពីញ៉ាំហើយ នំដែលនៅសល់ពីការដុតគាត់បានយកទៅចែកមិត្តរួមថ្នាក់ញ៉ាំនៅពេលព្រឹកឡើង។

 

ដោយសារតែរសជាតិឆ្ងាញ់មិត្តភក្តិអ្នករៀនជាមួយគ្នាក៏ជម្រុញឱ្យ Berkowitz ធ្វើនំនោះដើម្បីលក់នៅសាលា និងបើកការលក់នៅលើអនឡាញខ្លះៗផងដែរ។ ចាប់ទាំងពីពេលនោះមក លោក Seth Berkowitz បានចាប់ផ្តើមធ្វើនំលក់ជារៀងរាល់ថ្ងៃ ដោយនៅអំឡុងពេលដំណើរការលក់ដំបូងៗ គាត់អាចរកចំណូលបានដល់ទៅ ១០,០០០ដុល្លារពីការលក់ក្នុងមួយឆមាស។ រហូតក្រោយមកក្នុងឆ្នាំ ២០០៤ បន្ទាប់ពីរៀនចប់ Berkowitz បានយកលុយដែលលក់បានទាំងប៉ុន្មានទៅជួលហាងមួយកន្លែងនៅ នៅ Syracuse ទីក្រុងញូវយ៉ក និងបានដាក់ឈ្មោះអាជីវកម្មនោះថា “Insomnia Cookies” ។

 

បន្ទាប់ពីបើកដំណើរការអាជីវកម្មទីមួយបានជោគជ័យ Seth Berkowitz បានចាប់ដៃសហការជាមួយលោក  Jared Barnett ដើម្បីពង្រីកការរកស៊ីបន្ថែមទៀត និងបានបង្កើតគេហទំព័រសម្រាប់លក់នំនៅលើអ៊ីនធឺណិតបន្ថែមទៀត។ ហើយចាប់តាំងឆ្នាំ ២០០៤ មកដល់បច្ចុប្បន្នក្រុមហ៊ុន Insomnia Cookies បានពង្រីកអាជីវកម្មបានជាង ២៦០ទីតាំង ជុំវិញពិភពលោកហើយក្នុងឆ្នាំៗក្រុមហ៊ុននេះអាចរកចំណូលបានជាង ២០០លានដុល្លារពីការលក់នំ។

A52d293e E0fe 404f A5d5 A827ab300521

តាមរយៈអត្ថបទនេះចង់បង្ហាញឱ្យឃើញថា ការចេញរកស៊ីពេលខ្លះអាចចាប់ផ្តើមពីចំណុចសាមញ្ញតូចមួយដែលយើងមិនធ្លាប់បានគិតដល់ ដែលចំណាយទុនក៏តិច​ ចំណាយពេលធ្វើក៏មិនច្រើន។ ហេតុនេះនៅពេលដែលចង់ធ្វើអ្វីមួយគួរចាប់ផ្តើមធ្វើវាពីតូចទៅបាន កុំចាំដល់មានអ្វីគ្រប់យ៉ាងទើបចាប់ផ្តើម ព្រោះពេលខ្លះមិនចាំយើងទេ បើចាប់ផ្តើមពេលនេះបរាជ័យជាមេរៀនអាចនៅមានឱកាសចាប់ផ្តើមម្តងទៀតបាន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia