ដោយសារនៅកម្ពុជា មានរដូវកាលបុណ្យទានច្រើន ដូច្នេះឱកាសក្នុងការរកប្រាក់ចំណូលក៏មានច្រើនផងដែរ សម្រាប់ម្ចាស់អាជីវកម្មនានា។ ជាពិសេស សម្រាប់សិស្សសាលា ឬអ្នកធ្វើការស្រាប់ បើសិនជាថ្ងៃបុណ្យទាន ឬឈប់សម្រាក មិនបានទៅដើរលេង ឬមិនបានទៅស្រុកកំណើតទេ ហើយចង់រកចំណូលបន្ថែម កុំរំលងមុខរបរខាងក្រោមនេះ ព្រោះជាមុខរបរតាមរដូវកាល ដែលងាយចាប់ផ្ដើម ហើយអាចទាញយកចំណូលបានខ្ពស់ថែមទៀតផង៖
១.សម្រាប់រដូវកាលពិធីបុណ្យចូលឆ្នាំចិន៖ ជាទូទៅ នៅពេលសែនចូលឆ្នាំចិន ប្រជាជនខ្មែរយើងដែលមានជាប់ខ្សែចិន តែងតែទិញផ្កា ស្បៃរឿងពណ៌លឿងទាំងផើងៗទៅដាក់តាំងលម្អនៅក្នុងផ្ទះ ដូច្នេះបងប្អូនអាចចាប់ផ្ដើម យកដើមទុនខ្លះទៅទិញផ្កាប្រភេទនេះ ពីដេប៉ូផ្កាធំៗ ឬមួយក៏អាចទិញគ្រាប់ពូជមកបណ្ដុះ និងរៀបចំដាំដាក់ផើងលក់ដោយខ្លួនឯងក្នុងចំនួនល្មម កុំឲ្យច្រើនពេក (តែត្រូវសិក្សាពីអាយុកាលនៃការចេញផ្កា ឲ្យទាន់ថ្ងៃកម្មវិធីគេត្រូវការ) រួចដាក់លក់នៅមុខផ្ទះ ឬតាមផ្លូវជាដើម។
២.សម្រាប់រដូវ Valentine ថ្ងៃបុណ្យណូអែល ថ្ងៃទិវាសិទ្ធនារី ទិវាគុណម្ដាយ ឬថ្ងៃបញ្ចប់ការសិក្សា៖ អាចថាទាំងនេះ មិនមែនជាបុណ្យជាតិទេ ប៉ុន្តែយុវវ័យភាគច្រើន តែងតែនិយមទិញកាដូជូនមនុស្សជាទីស្រលាញ់។ បងប្អូនអាច យកដើមទុនដែលមាន មកវិនិយោគ លក់ផ្កាស្រស់ ផ្កាសិប្បនិម្មិត ជាបាច់ ឬជាទង និងកាដូ។ ចំពោះផ្កាស្រស់ ដូចជាផ្កាកុលាប ឬផ្កាផ្សេងៗ បងប្អូនអាចទៅរកជាវតាមផ្សារបោះដុំ ដូចជា ផ្សារអូរឬស្សី ផ្សារថ្មី ឬផ្សារឌុយមិច ដើម្បីយកមកលក់រាយតាមដងផ្លូវ ឬតាមសួនច្បារនានា នៅថ្ងៃពិសេសទាំងនេះ។ មួយវិញទៀត បងប្អូនអាចរៀបចំសេវាកម្មខ្ចប់កាដូ និងដឹកជញ្ជូនទាន់ចិត្ត ដែលទាញយកប្រយោជន៍ពីអ្នកដែលរវល់គ្មានពេលទិញ ឬខ្ចប់ដោយខ្លួនឯង។
៣.សម្រាប់រដូវ ពិធីបុណ្យចូលឆ្នាំខ្មែរ៖ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង នៅពេលកាន់តែជិតដល់ថ្ងៃបុណ្យ យើងឃើញមានតាមសាលារៀន តាមហាង ផ្សារទំនើប និងតាមក្រុមហ៊ុនផ្សេងៗ ពួកគេចាប់ផ្ដើមរៀបចំតុបតែលម្អ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ ដូច្នេះ បងប្អូនអាចចំណាយដើមទុន ទិញគ្រឿងសក្ការៈ ឬសម្ភារៈសម្រាប់តែងលម្អដូចជា គោមផ្កាយ គោមផ្ការំដួល ខ្សែទង់ចម្រុះពណ៌ ពីតាមសិប្បកម្មផ្សេងៗ ឬផ្សារបោះដុំអូរឬស្សី ហើយយកមកលក់ ដោយផុសលក់តាម TikTok ឬ Facebook ច្បាស់ជាមានអ្នកចប់អារម្មណ៍ទិញច្រើន។ មួយវិញទៀត នៅតាមសាលា ឬសាកលវិទ្យាល័យ អាចមានកម្មវិធីជប់លាង ឬសង្រ្កាន្តអបអរសប្បាយៗ ដូច្នេះ បងប្អូនអាចដាក់តុ លក់ជាប្រភេទ ម្ស៉ៅហ៊ុយ (ផលិតផលក្នុងស្រុក) ឬកាបូបការពារទឹក (ករណីបើមានគេលេងជះទឹក)។
៤.សម្រាប់រដូវ បុណ្យភ្ជុំបិណ្ឌ៖ នៅថ្ងៃបុណ្យភ្ជុំ មនុស្សគ្រប់គ្នាច្បាស់ជាត្រូវទៅលេងផ្ទះនៅស្រុកកំណើត ដើម្បីបានជួបជុំសាច់ញាតិបងប្អូន ដូច្នេះ ពួកគាត់ច្បាស់ជាមិនអាចទៅដោយដៃទទេនោះឡើយ។ ចំណុចនេះ បងប្អូន អាចយកលុយខ្លះមកធ្វើដើមទុន ធ្វើសេវាកម្មរៀបចំកន្ត្រកកាដូ ដូចជារៀបចំកន្ត្រកផ្លែឈើ គ្រឿងកំប៉ុង ឬផ្កា សម្រាប់ជូនមនុស្សចាស់ ដោយអាចផ្សព្វផ្សាយតាម Facebook និង TikTok ដើម្បីទាក់ទាញអ្នកចាប់អារម្មណ៍។ បើសិនមានអ្នកចង់ជាវ ត្រូវឲ្យពួកគាត់កុម្ម៉ង់ ២ ទៅ ៣ថ្ងៃមុន ងាយស្រួលយើងរៀបចំជូនពួកគាត់បានរៀបរយ។
៥.សម្រាប់រដូវរៀបការ និងកម្មវិធីជប់លៀង៖ ប្រសិនបងប្អូនចេះ ថតរូប ហើយមានកាមេរ៉ាផ្ទាល់ខ្លួន ជាការល្អបំផុត ព្រោះបងប្អូនអាច ធ្វើសេវាកម្មថតរូប និងវីដេអូ និងទទួលថត Pre-wedding ថតរូបសម្រាប់និស្សិតត្រៀមបញ្ចប់ការសិក្សា ឬ Event ផ្សេងៗ។ ហើយបើបងប្អូនចេះផាត់មុខវិញ ក៏អាចធ្វើសេវាកម្ម Make-up និងធ្វើសក់ជូននារីៗសម្រាប់ទៅចូលរួមកម្មវិធី ដោយទទួលផាត់មុខតាមផ្ទះបានផងដែរ។
យ៉ាងណាមិញ សម្រាប់អាជីវកម្មតាមរដូវកាលទាំងប៉ុន្មានខាងលើនេះ នៅពេលរដូវកាលមួយផុតទៅ អ្នកត្រូវត្រៀមខ្លួនផ្លាស់ប្តូរទៅលក់ទំនិញ ឬសេវាកម្មដែលត្រូវនឹងរដូវកាលបន្ទាប់ទៀត ព្រោះនេះ ជាភាពឆ្លាតវៃមួយ ដែលធ្វើឲ្យយើងចេះបត់បែនក្នុងការរកស៊ី តាមតម្រូវការជាក់ស្ដែង៕


