ចប់បាក់ឌុប កុំភ្លេចដាក់ពាក្យ អាហារូបករណ៍របស់រដ្ឋ២នេះ រៀនបរិញ្ញាបត្រមិន៤ឆ្នាំមិនអស់ប្រាក់ច្រើនការប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០២៤ បានបញ្ចប់ជាស្ថាពរក្រោយក្រសួងអប់រំបានប្រកាសលទ្ធផលប្រឡងទូទាំងប្រទេស នៅថ្ងៃទី ៣០-៣១ ខែ តុលា ដោយបេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១នាក់ ត្រូវជា ៧៩.០០% នៃចំនួនបេក្ខជនមកប្រឡង។
ទន្ទឹមគ្នានេះដែរចំពោះសិស្សានុសិស្សដែលបានចប់បាក់ឌុប មានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍រៀនបន្តបរិញ្ញាបត្រ ឬបរិញ្ញាបត្ររងរយៈពេល៤ឆ្នាំ ដោយមិនអស់ប្រាក់ផ្ទាល់ខ្លួនច្រើន ចំណាយលើការសិក្សារៀនសូត្រជានិស្សិត កុំភ្លេចដាក់ពាក្យ អាហារូបករណ៍របស់រដ្ឋ២នេះ ដែលផ្តល់មូលនិធិដោយឥរស្សនជនក្នុងជួររដ្ឋាភិបាលកម្ពុជា។
១. អាហារូបករណ៍ ទេពកោសល្យឌីជីថលតេជោ៖ អាហារូបករណ៍ក្រោមមូលនិធិសម្តេចតេជោ នេះនឹងផ្តល់ឱ្យសិស្ស-និស្សិត រៀនជំនាញបច្ចេកវិទ្យាឌីជីថល លើថ្នាក់បរិញ្ញាបត្រចំនួន ៥០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សាល្បីៗ ចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសកលវិទ្យាអាមេរិកកាំងភ្នំពេញ។
ចំពោះអាហារូបករណ៍នេះដែរ សិស្សដែលប្រឡងជាប់នឹងទទួលបានកំុព្យូទ័រយួរដៃ ម្នាក់១គ្រឿងនិង មិនគិតថ្លៃសិក្សា ១០០% រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រដែលមានតម្លៃចាប់ពី ៣១០០ - ២៤៧០០ ដុល្លារអាមេរិក និងមានឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យា។
សូមបញ្ជាក់ថាសម្រាប់អ្នកដាក់ពាក្យអាហារូបករណ៍នេះទាំងអស់ នឹងត្រូវឆ្លងកាត់ការប្រឡងប្រជែងគ្នាតាមលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន-បេក្ខនារី ដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍។
២. អាហារូបករណ៍ ស សុខា៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានសហការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្ដល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតចំនួន ៤០០កន្លែង ថ្នាក់បរិញ្ញាបត្ររង-បរិញ្ញាបត្រ ចំនួន ៣០០កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០០កន្លែង ផ្តល់ជូននិស្សិតមកពីទូទាំងប្រទេស ដោយនឹងផុតកំណត់ដាក់ពាក្យនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
ចំពោះសម្រាប់មុខជំនាញដែលអាហារករណ៍ផ្តល់ឱ្យត្រូវសិក្សារួមមាន៖
១. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖ វិទ្យាស្ថានអប់រំ, រដ្ឋបាលសាធារណៈ
២. ថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រ៖ អក្សរសាស្រ្តអង់គ្លេស, នីតិសាស្រ្ត, រដ្ឋបាលសាធារណៈ , វិទ្យាសាស្រ្តកុំព្យូទ័រ, គ្រប់គ្រង , គណនេយ្យ , ទីផ្សារ , ធនាគារ និងហិរញ្ញវត្ថុ, ទេសចរណ៍ , និងសេដ្ឋកិច្ច។
សូមបញ្ជាក់ថាចំពោះអាហារូបករណ៍នេះក៏នឹងតម្រូវឱ្យនិស្សិតបង់ថ្លៃសេវារដ្ឋបាល ដោយផ្ទាល់ខ្លួន ទៅកាន់គ្រឹះស្ថានសិក្សា នៅថ្ងៃចុះឈ្មោះចូលរៀនផ្ទាល់។
គួររំលឹកផងដែរថាចំពោះព័ត៌មានបន្ថែមទាក់ទងនឹង លេខទំនាក់ទំនងអាហារូបករណ៍ របៀបដាក់ពាក្យស្នើសុំ និងកាលបរិច្ឆេទចូលរៀនរបស់មុខវិជ្ជា សូមសិស្ស-និស្សិត អានសេចក្តីលម្អិត នៅក្នុងលិខិតនៃសេចក្តីប្រកាសឱ្យបានត្រឹមត្រូវ តាមអាហារូបករណ៍នីមួយៗដូចបានបញ្ជាក់ខាងលើ៕
អត្ថបទដោយ៖ ពីង ជូអេង