ការអប់រំគឺមាននៅគ្រប់ទីកន្លែង ប៉ុន្តែសាលាជាទីតាំងចម្បងមួយ ខណៈតម្លៃសិក្សាក៏បានក្លាយជាមួយផ្នែកតូចនៃគុណភាពអប់រំផងដែរ។ ដូច្នេះយើងងាកមកដឹងអំពីតម្លៃសិក្សារបស់សាលាលំដាប់ផ្កាយប្រាំចំនួន៣ ឈរជើងនៅស្រុកខ្មែរ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងថាសម្បូរទៅដោយកូនសេដ្ឋីទៅសិក្សារៀនសូត្រ។
១. ISPP (International School of Phnom Penh) ៖ គឺជាសាលាអន្តរជាតិដំបូងគេមួយនៅកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ ១៩៨៩ និងទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ៣ដល់ថ្នាក់ទី ១២។ ក្នុងនោះចំពោះតម្លៃសិក្សារបស់ ISPP នៅឆ្នាំ២០២៥-២០២៦ គឺចន្លោះពី ៩,៥០០$ ដល់ ២,៩៥០០$ ផ្អែកតាមកម្រិតសិក្សារបស់សិស្សនិងបូកបញ្ចូលតម្លៃរដ្ឋបាលផ្សេងៗ ខណៈ ISPP មានផ្តល់ជូននូវកម្មវិធីថ្នាក់បឋមសិក្សា មធ្យមសិក្សា និងកម្មវិធីសញ្ញាប័ត្រ ដែលមានថ្នាក់ភាសា សកម្មភាពសិក្សានិងកីឡាជាដើម។
២. NISC (North Bridge International School) ៖ គឺជាសាលាអន្តរជាតិធំមួយ បង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដែលទទួលសិស្សឱ្យចូលរៀន ចាប់ពីអាយុ២ឆ្នាំ ដល់ថ្នាក់ទី១២ ។ ក្នុងនោះចំពោះតម្លៃសិក្សារបស់ NISC នៅឆ្នាំ២០២៥ គឺចន្លោះពី១,១៣០០$ ដល់ ២,៩០០០$ តាមកម្រិតសិក្សារបស់សិស្សនិងបូកបញ្ចូលតម្លៃរដ្ឋបាលផ្សេងៗ ខណៈ NISC មានផ្តល់ជូននូវកម្មវិធីថ្នាក់បឋមសិក្សា មធ្យមសិក្សា រហូតចប់ថ្នាក់ទី១២។
៣. AUPP (American University of Phnom Penh) ៖ ក្រៅអំពីសកលវិទ្យាល័យ AUPP ក៏មានផ្តល់ជូននូវថ្នាក់បឋមសិក្សានិងមធ្យមសិក្សា ដែលទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុថ្នាក់បឋមសិក្សាដល់សកលវិទ្យាល័យ ។ ក្នុងនោះសម្រាប់ថ្នាក់បឋមសិក្សាដល់ថ្នាក់ទី៧ នៃឆ្នាំសិក្សា ២០២៥-២០២៦ របស់សាលាអាមេរិកាំងមួយនេះ មានតម្លៃចន្លោះពី ៤០០០$ ដល់ ៦០០០$ និងតម្លៃរដ្ឋបាលផ្សេងៗទៀតទៅតាមកម្រិតសិក្សា។
សូមបញ្ជាក់ថាចំពោះតម្លៃសិក្សាខាងលើនេះអាចមានការប្រែប្រួលទៅតាមស្ថានភាពនិងការផ្លាស់ប្តូរនានារបស់សាលានីមួយៗ។ ដូច្នេះប្រសិនជាត្រូវការព័ត៌មានលម្អិត លោក-លោកស្រី អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់សាលាឬសាកសួរព័ត៌មានដោយផ្ទាល់៕


