រាជធានីភ្នំពេញ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ ឆ្នាំ២០២៦ សម្រាប់កុមារ និងយុវជន ដោយសហការជាមួយសាលាបង្វឹកបាល់ទាល់ SOLTILO FAMILIA SOCCER SCHOOL CAMBODIA ដែលបង្កើតឡើងដោយ លោក កៃស៊ូកិ ហុនដា (Mr. KEISUKE HONDA) ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមកុមារ និងយុវជន អាយុក្រោម ១០ឆ្នាំ (U10) អាយុក្រោម ១២ឆ្នាំ (U12) អាយុក្រោម ១៤ឆ្នាំ (U14) និង អាយុក្រោម ១៦ឆ្នាំ (U16) ដែលសរុបទាំងអស់ចំនួន ២៥៥នាក់ ដែលមកពីសាលារៀនអន្តរជាតិ និងក្លឹបបាល់ទាត់កុមារជាច្រើននៅរាជធានីភ្នំពេញ បានចូលរួមក្នុងកម្មវីធីនេះ។

លោក SHUZO SHIKATA ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា “ការប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងចូលរួមគាំទ្រការអភិវឌ្ឍយុវជនកម្ពុជាឱ្យមានសុខភាពល្អ មានវិន័យ ភាពរឹងមាំ និងស្មារតីសហការ។ ធនាគារជឿជាក់ថា កីឡាមិនត្រឹមតែជួយពង្រឹងសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះគុណតម្លៃសំខាន់ៗ ដូចជា វិន័យ ការតស៊ូ ភាពជាអ្នកដឹកនាំ ការគោរពគ្នា និងការធ្វើការជាក្រុម ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់កុមារ និងយុវជននាពេលអនាគត។ លោកអ្នកអាចចូលរួម ទស្សនាការប្រកួតដោយសេរី និងឥតគិតថ្លៃ។ ”
លោកបានបន្ថែមទៀតថា “សូមអរគុណដល់សាលាបង្វឹកបាល់ទាល់ SOLTILO FAMILIA SOCCER SCHOOL CAMBODIA ដែលបង្កើតឡើងដោយ លោក កៃស៊ូកិ ហុនដា (Mr. KEISUKE HONDA) ដែលបានរៀបចំកម្មវិធីនេះឡើងប្រកបដោយជោគជ័យរហូតដល់ចប់កម្មវិធី និងជាពិសេសសូមថ្លែងអំណរអរគុណដល់ មាតា បិតា អាណាព្យាបាល បងប្អូន កុមារ និងយុវជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមទស្សនា និងគាំទ្រកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ឆ្នាំ២០២៦ នៅថ្ងៃទី០៧ និង ០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។”
លើសពីការគាំទ្រវិស័យកីឡា ធនាគារ អេស ប៊ី អាយ បានចូលរួមយ៉ាងសកម្មនៅក្នុងការងារសង្គមយ៉ាងទូលំទូលាយ ដែលគ្របដណ្តប់លើវិស័យ សំខាន់ៗជាច្រើន រួមមាន៖ ការលើកកម្ពស់វិស័យអប់រំនៅតាមសាលារៀនដាច់ស្រយាល ការជួយជ្រោម ជ្រែងដល់កងទ័ពជួរមុខ និងជនងាយរងគ្រោះ និងជនភៀសសឹកដោយសារសង្រ្គាម ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ដូចជា៖ ការបរិច្ចាគឈាមជួយសង្គ្រោះជីវិត ក៏ដូចជាកិច្ចការងារការពារបរិស្ថាន និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ជាដើម។ សកម្មភាពទាំងអស់នេះ គឺជាសក្ខីភាពបញ្ជាក់ពីបេសកកម្មដ៏មុតមាំរបស់ធនាគារ ក្នុងការរួមដំណើរជាមួយសង្គមជាតិ ដើម្បីអនាគតដ៏រុងរឿង និងប្រកបដោយក្តីមេត្តាធម៌។
អំពីធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក
ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក គឺជាបុត្រសម្ព័ន្ធដែលគ្រប់គ្រង ១០០% ដោយក្រុមហ៊ុន SBI Holdings, Inc. របស់ប្រទេសជប៉ុន ដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំ មានទ្រព្យសកម្មសរុបលើសពី ២៥៣,៦ ប៊ីលានដុល្លារអាមេរិក។ នៅក្នុងប្រទេសកម្ពុជា ធនាគារ អេស ប៊ី អាយ បានបង្ហាញពីកំណើនយ៉ាងរឹងមាំ ដោយមានទ្រព្យសកម្មសរុបកើនលើស ១,១២ ប៊ីលានដុល្លារអាមេរិក និងមានបណ្តាញសាខាយ៉ាងទូលំទូលាយចំនួន ៥២ សាខានៅទូទាំងប្រទេស។ យុទ្ធសាស្ត្ររបស់ ធនាគារ អេស ប៊ី អាយ គឺការរួមបញ្ចូលគ្នារវាងបណ្តាញសាខាផ្ទាល់ និងសមត្ថភាពសេវាធនាគារឌីជីថល ដើម្បីផ្តល់ជូននូវសេវាហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ដល់អតិថិជនអាជីវកម្ម និងអតិថិជនទូទៅ ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុពេញលេញ នៅគ្រប់សកម្មភាពសេដ្ឋកិច្ចសំខាន់ៗរបស់ពួកគេ។
សម្រាប់ព័ត៌មានបន្ថែម៖
· លោក ណាង គីណាល់ នាយកទីផ្សារ និងទំនាក់ទំនង
· ទូរសព្ទលេខ៖ 081 777 428
· សារអេឡិចត្រូនិច៖ kinal.nang@sbibank.com.kh








