ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា បច្ចុប្បន្ននេះប្រជាជនកម្ពុជាភាគច្រើនមានលទ្ធភាពនៅក្នុងការទិញផ្ទះតម្លៃសមរម្យ ពោលតម្លៃត្រឹម ២ ម៉ឺនដុល្លារប៉ុណ្ណោះ ដោយសារកត្ដាប្រាក់ចំណូលនៅមានកម្រិត។ ក្នុងនោះឯកឧត្ដមក៏បានលើកសរសើរពី គម្រោងខុនដូរបស់អ្នកឧកញ៉ា ហុង ពីវ ដែលបានសាងសង់នូវលំនៅឋានតម្លៃសមរម្យ ហើយឯកឧត្ដមក៏បានលើទឹកចិត្ដដល់អ្នកអភិវឌ្ឍលំនៅឋានផ្សេងៗទៀតឲ្យសាងសង់លំនៅឋានបែបនេះផងដែរ។

ជាមួយគ្នានេះដែរឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីក៏បានបញ្ជាក់ថា នៅពេលខាងមុខឯកឧត្ដមអាចនឹងជម្រាបជូនអ្នកវិនិយោគ និងអ្នកអភិវឌ្ឍលំនៅឋានថា មួយឆ្នាំត្រូវធ្វើផ្ទះប៉ុន្មាន ហើយតម្លៃប៉ុន្មាន? ការណ៍នេះគឺដើម្បីការចូលរួមរៀបចំក្រុង និងទីប្រជុំជន ដើម្បីការរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង ចៀសវាងការសាងសង់ហើយត្រូវទុកចោល។

យោងតាមសម្រង់សំដីនៅក្នុងវីដេអូ ដែលចេញផ្សាយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្នកឧកញ៉ា ហុង ពីវ ធ្វើត្រូវ ប្រជាជនខ្មែរជាទូទៅមានលទ្ធភាពផ្ទះតម្លៃត្រឹមតែ ២ ម៉ឺនដុល្លារទេរាល់ថ្ងៃនេះ។ មានអ្នកអាចលើហ្នឹង តែទូទៅប៉ុណ្ណឹង ព្រោះចំណូលនិងប្រាក់សន្សំរបស់យើងត្រឹម ១ ពាន់ជាង ថា ១ ៥០០ ចោះ ប៉ុណ្ណឹងទេក្នុង ១ ឆ្នាំ។ អ៊ីចឹងផ្ទះ ១ ម៉ឺន ២ ម៉ឺនគឺសមល្មម ចាំប្រាំឆ្នាំដប់ឆ្នាំទៀតនឹងដូរ។ អ៊ីចឹងល្បឿនរបស់យើងពីនេះទៅមុខ ជំហានរបស់យើងគឺជាជំហានដ៏ត្រឹមត្រូវ និងល្បឿនដ៏ត្រឹមត្រូវ"។
គួរជម្រាបថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន បុរី ពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏លេចធ្លោនៅកម្ពុជាបានបើកលក់គម្រោងថ្មីរបស់ខ្លួន គឺគម្រោងពិភពថ្មី ខុនដូ សែនសុខ ដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ។ គម្រោងខុនដូ នេះគឺជាប្រភេទលំនៅឋានថ្មីសមរម្យ ពោលគឺក្រុមហ៊ុនដាក់លក់តម្លៃចាប់ពី ១៧ ៨៨៨ ដុល្លារឡើងទៅតែប៉ុណ្ណោះ។ បើកលក់ត្រឹមរស់ពេលខ្លី អតិថិជនបានបញ្ជាទិញគ្មានសល់៕





