រដ្ឋមន្ដ្រីក្រសួងដែនដី ជំរុញឱ្យមានការគិតគូរតម្លៃផ្ទះចន្លោះនេះ ដើម្បីស្របតាមលទ្ធភាពប្រជាពលរដ្ឋ
Bunthoeun KoemJUNE 16 202613 views

ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងអំពីសារៈសំខាន់នៃការកំណត់តម្លៃលំនៅឋានឱ្យស្របទៅនឹងជីវភាព និងលទ្ធភាពហិរញ្ញវត្ថុជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ដោយឯកឧត្ដមបានគូសបញ្ជាក់ថា តម្លៃផ្ទះសមរម្យដែលប្រជាពលរដ្ឋទូទៅអាចទិញបាន គឺស្ថិតក្នុងចន្លោះពី ១៨,០០០ ដុល្លារ ទៅ ២០,០០០ ដុល្លារ។

 

475852079 1186484239501723 807374600278048164 N (1)

 

នៅក្នុងប្រសាសន៍គន្លឹះស្តីពីការអភិវឌ្ឍវិស័យលំនៅឋាន និងសំណង់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានបង្ហាញទស្សនវិស័យវែងឆ្ងាយក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋលើការបង់រំលស់ផ្ទះ ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួន។ ដោយក្នុងនោះឯកឧត្ដមបានសង្កត់ធ្ងន់ថា យន្តការហិរញ្ញវត្ថុ និងគោលនយោបាយដីធ្លី ត្រូវតែធ្វើឡើងដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីជួយសង្គ្រោះពលរដ្ឋកុំឱ្យធ្លាក់ក្នុងស្ថានភាពមួយ ដែលពេញមួយជីវិតការងារគិតតែពីការបង់រំលស់ ប៉ុន្តែចុងក្រោយបែរជាមិនមានសិទ្ធិគ្រងផ្ទះដាច់ស្រឡះ។

 

ឯកឧត្ដមបានថ្លែងថា៖ «ធ្វើម៉េចក្នុងមួយជីវិតការងារ ៣០ ឆ្នាំ ឱ្យមនុស្សហ្នឹងបង់រំលស់ហើយ មានផ្ទះនៅជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីបន្សល់ទុកតកូនតចៅ»។ កិច្ចការនេះ ទាមទារឱ្យមានការចូលរួមគិតគូរយ៉ាងម៉ឺងម៉ាត់ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យធនាគារ និងអ្នកអភិវឌ្ឍន៍ផ្ទាល់។

 

ពាក់ព័ន្ធនឹងទិដ្ឋភាពបច្ចេកទេស និងនិរន្តរភាពនៃសំណង់ ឯកឧត្ដម សាយ សំអាល់ បានលើកឡើងជាសំណួរដេញដោលអំពីការកំណត់ស្តង់ដារអាយុកាលសំណង់នៅក្នុងប្រទេសកម្ពុជា ថាតើគួរកំណត់ត្រឹមរយៈពេល ៥០ ឆ្នាំ ឬយ៉ាងណា ព្រោះការទុកសំណង់ឱ្យមានអាយុកាលយូរពេក ក៏មិនសូវផ្តល់ផលល្អដល់សោភ័ណភាព និងសុវត្ថិភាពទីក្រុងនោះដែរ។ ឯកឧត្ដមបានលើកជាឧទាហរណ៍ជាក់ស្តែងនូវសំណង់បុរាណមួយចំនួននៅម្តុំផ្សារថ្មី និងផ្សារអូរឫស្សី ដែលបានសាងសង់តាំងពីទសវត្សរ៍ឆ្នាំ ៥០ ដែលមកទល់ពេលនេះ គឺដល់វដ្តដែលត្រូវសិក្សាវាយកម្ទេចចោលខ្លះ ដើម្បីរៀបចំសាងសង់ឡើងវិញឱ្យទាន់សម័យកាល។

 

480688719 1165877558242371 9128671708731117598 N

 

សូមជម្រាបផងដែរថា ដើម្បីអាចឲ្យប្រជាពលរដ្ឋទទួលបានលំនៅឋានផ្ទាល់ខ្លួន ​រាជរដ្ឋាភិបាលកម្ពុជារដ្ឋាភិបាល​ លើកទឹកចិត្តដល់វិស័យឯកជន សាងសង់លំនៅឋានប្រកបដោយចីរភាព និងមានតម្លៃសមរម្យរហបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ហើយកន្លងទៅ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរ និងគាំទ្រទៅកាន់ក្រុមហ៊ុន ពិភពថ្មី ដែលបានអភិវឌ្ឍន៍លំនៅឋានសមរម្យ។ ដោយកន្លងមកនេះក្រុមហ៊ុនរបស់អ្នកឧកញ៉ា ហុង ពីវ នេះបានសាងសង់គម្រោងខុនដូជាច្រើនកន្លែង ដែលដាក់លក់តម្លៃចាប់ពី ១៨ ៨៨៨ ដុល្លារឡើងទៅ។ ខណៈគម្រោងទាំងនោះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីអតិថិជន៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia