រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានបើកដំណើរការជាផ្លូវការ និងកំពុងផ្តល់ជូននូវកម្មវិធីអាហារូបករណ៍ ស្ថាបនា ទៅសិស្សចំនួន5រូប ដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល4ឆ្នាំ នៅសាកលវិទ្យាល័យឈានមុខមួយនៅប្រទេសកម្ពុជា។ កម្មវិធីអាហារូបករណ៍ ស្ថាបនា ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនយុវតីវ័យក្មេងកម្ពុជា ដែលមានសមត្ថភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ អាចសម្រេចគោលដៅនិងក្តីស្រមៃរបស់ពួកគេ មិនថាស្ថិតក្នុងស្ថានភាពគ្រួសារដែលមានជីវភាពលំបាកឡើយ។

អាហារូបករណ៍មួយនេះ ផ្តល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល4ឆ្នាំពេញ ឧបត្ថម្ភថ្លៃសិក្សាពង្រឹងភាសាអង់គ្លេស ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ 800,000 រៀល កុំព្យូទ័រយួរដៃ 1គ្រឿង ដែលធានាបានថាពួកគេអាចបន្ត និងផ្តោតលើការសិក្សារបស់ពួកគេបានដោយមិនមានការរំខាន។
លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «កម្មវិធីអាហារូបករណ៍ ស្ថាបនា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះចក្ខុវិស័យរយៈពេលវែង ការកសាងធនធានមនុស្សប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសជាតិ។ យើងជឿជាក់យ៉ាងមុតមាំថា ការគាំទ្រធនធានដែលមានទេពកោសល្យ និងលើកស្ទួយវិស័យអប់រំ គឺជាការវិនិយោគដ៏មានតម្លៃបំផុត ក្នុងការជួយជំរុញវិបុលភាពជាតិ និងធានាបាននូវភាពរីកចម្រើននាពេលអនាគតរបស់ប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមថាសិស្សទាំង5រូបនឹងក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលនាពេលអនាគត ដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ។»

លោក លី សាលីន នាយកប្រតិបត្តិធនធានមនុស្សនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំនេះ យើងជ្រើសរើសបាននិស្សិតដែលស័ក្តិសមចំនួន5រូប ហើយពួកគេនឹងចាប់ផ្តើមឆ្នាំសិក្សាថ្មីរបស់ពួកគេនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នាពេលឆាប់ៗនេះ។ យើងបានបង្កើតកម្មវិធីនេះឡើង ដើម្បីសម្រាលបន្ទុកនៃការលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់សិស្សានុសិស្ស និងក្រុមគ្រួសាររបស់ពួកគេ ដោយធានាថាស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេមិនមែនជាឧបសគ្គចំពោះការសិក្សាឡើយ។ យើងបានផ្តល់នូវវិថីច្បាស់លាស់មួយសម្រាប់សិស្សវ័យក្មេងឆ្នើមទាំង5រូបដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ និងមានអនាគតភ្លឺស្វាង។»
ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបការលំបាកនេះ នៅក្នុងចំណោមសិស្សទាំង5រូបដែលយើងបានផ្តល់អាហារូបករណ៍ជូន មានសិស្សម្នាក់ដែលមកពីស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយផ្ទាល់ ហើយក្រុមគ្រួសាររបស់គាត់បានភៀសខ្លួនទៅជំរំជនភៀសសឹកផងដែរ។ ធនាគារ ស្ថាបនា នឹងនៅជាមួយបងប្អូនប្រជាជនកម្ពុជាជានិច្ច។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង 3,500 នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន175 ស្ថាបនាព្រីមារណ៍ ចំនួន4 និងម៉ាស៊ីនអេធីអឹមជាង 280កន្លែង។ ធនាគារ ស្ថាបនា ផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT VisaB2B Connect Visa Direct បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។
នៅដើមឆ្នាំ 2025 ធនាគារ ស្ថាបនាបានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន និងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ហើយក្នុងឆ្នាំ 2024 ធនាគារក៏ទទួលពានរង្វាន់ឆ្នើម ពីរនោះគឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking - Cambodia 2024” ពី Global Retail Banking Rankings រួមជាមួយនឹងពានរង្វាន់ធំៗចំនួនប្រាំមួយពី VISA និង Mastercard សម្រាប់ភាពជាអ្នកដឹកនាំ និងកំណើនក្នុងការផ្តល់នូវដំណោះស្រាយទូទាត់។


