ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៥៖ ធនាគារ ស្ថាបនា ដែល ជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការងារក្រុមដើម្បីសុបិនតែមួយ»។ នៅក្នុងព្រឹត្តិការណ៍នេះ គណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ បានលើកឡើងពីសមិទ្ធផលក្នុងឆ្នាំ ២០២៤ និងបានធ្វើការបង្ហាញអំពីយុទ្ធសាស្រ្ត ក៏ដូចជាគោលដៅសំខាន់ៗសម្រាប់ឆ្នាំ ២០២៥ សម្រាប់អតិថិជន ដៃគូអាជីវកម្ម និងសហគមន៍កម្ពុជា។
នៅក្នុងសន្និបាតនេះផងដែរ ក្រុមការងាររបស់ធនាគារ ស្ថាបនា មកពី២៥ ខេត្ត/ក្រុង បានអញ្ជើញចូលរួម ដើម្បីទទួលព័ត៌មានអំពីសមិទ្ធផល វឌ្ឍនភាពរបស់ធនាគារ និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់ឆ្នាំ ២០២៥ និងឆ្នាំខាងមុខ។
ក្នុងសន្និបាតនេះ គណៈគ្រប់គ្រងជាន់ខ្ពស់ក៏បានធ្វើការបង្ហាញអំពីយុទ្ធសាស្រ្ត និងគោលដៅសំខាន់ៗសម្រាប់ឆ្នាំ ២០២៥ ដើម្បីពង្រឹងសមត្ថភាពក្រុមការងារ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មធនាគារឱ្យបានកាន់តែល្អប្រសើរដើម្បីអតិថិជនទូទាំងប្រទេស។
លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស្ថាបនា បានបង្ហាញនូវមោទកភាពដែលលោកមានដោយបានឃើញថាមពលវិជ្ជមាន និងសារៈសំខាន់នៃការងារជាក្រុម ហើយលោកបានសម្តែងនូវសុទិដ្ឋិនិយមចំពោះសក្ដានុពលរបស់ធនាគារ ស្ថាបនា វិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០២៥ និងឆ្នាំខាងមុខ។
លោក ហែន ហ្គី. ម៉ូលដឺ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទកភាពយ៉ាងក្រៃលែងដែលបានក្លាយជាចំណែកមួយនៃធនាគារ ស្ថាបនា ជាពិសេសគឺការរួមចំណែកនៅក្នុងសហគមន៍កម្ពុជា។ ជាមួយថាមពលវិជ្ជមាន និងភាពស្វាហាប់របស់ក្រុមការងារនៃធនាគារ ស្ថាបនា ខ្ញុំជឿជាក់យ៉ាងមុតមាំថាយើងអាចទទួលបានសមិទ្ធផលកាន់តែប្រសើរសម្រាប់ឆ្នាំ ២០២៥ និងនាថ្ងៃអនាគត។ លើសពីនេះទៅទៀត យើងមានការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុង ការយកអតិថិជនជាអាទិភាពជាចម្បង។ យើងនឹងបន្តផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។»
គួរបញ្ជាក់ផងដែរថា សន្និបាតប្រចាំឆ្នាំនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់ធនាគារ ស្ថាបនា ដើម្បីផ្ដល់នូវការទទួលស្គាល់ក្រុមការងារឆ្នើមដែលមកពីសាខាទូទាំងប្រទេសផងដែរ។ កម្មវិធីនេះទទួលបានការចូលរួមពីក្រុមការងារសរុបប្រមាណជិត ៤០០ នាក់ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្តរបស់ធនាគារដែលកឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការផ្តល់ជូននូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់គ្រួសារកម្ពុជា។