ភ្នំពេញ ថ្ងៃទី 18 ខែកញ្ញា ឆ្នាំ2026៖ ធនាគារ ស្ថាបនា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Henley & Partners ដែលជាកិច្ចចាប់ផ្តើមនៃភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់គុណតម្លៃបន្ថែមដល់អតិថិជនស្ថាបនាព្រីមារណ៍ ឱ្យលើសពីសេវាហិរញ្ញវត្ថុបែបប្រពៃណី។ តាមរយៈកិច្ចសហការនេះ អតិថិជនស្ថាបនាព្រីមារណ៍ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ នឹងទទួលបានដំណោះស្រាយឯកទេសសម្រាប់រៀបចំផែនការស្នាក់នៅ និងសញ្ជាតិនៅក្រៅប្រទេស ស្របតាមផែនការផ្ទាល់ខ្លួន ផែនការគ្រួសារ បែបបទនៃការរស់នៅ និងផែនការអនាគតសម្រាប់អ្នកជំនាន់ក្រោយ។
សម្រាប់ធនាគារ ស្ថាបនា សេវាធនាគារព្រីមារណ៍ គឺផ្តោតលើការយល់ដឹងអំពីមហិច្ឆតា និងគោលដៅរបស់អតិថិជនម្នាក់ៗ ហើយផ្តល់ជូននូវការប្រឹក្សាហិរញ្ញវត្ថុតាមតម្រូវការ និងតែងផ្សារភ្ជាប់អតិថិជនទៅកាន់អ្នកជំនាញដែលអាចទុកចិត្តបានគ្រប់ពេល។ ក្រុមការងារជំនាញប្រឹក្សាឯកទេសរបស់ Henley & Partners នឹងអនុញ្ញាតឱ្យអតិថិជនដែលមានលក្ខខណ្ឌសមស្រប អាចស្វែងយល់ពីឱកាសក្នុងការទទួលបានសិទ្ធិស្នាក់នៅ និងសញ្ជាតិនៅក្រៅប្រទេស ជាមួយការណែនាំប្រកបដោយវិជ្ជាជីវៈ ដែលផ្តល់ជូននូវឱកាសក្នុងការផ្លាស់ប្តូរទីលំនៅ ឱកាសទទួលបានការអប់រំ ការវិនិយោគ និងការរៀបចំផែនការរយៈពេលវែងសម្រាប់គ្រួសារ។
ក្នុងនាមជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា ធនាគារ ស្ថាបនា បានរួមបញ្ចូលនូវការយល់ដឹងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក វប្បធម៌ដ៏រឹងមាំពីប្រទេសជប៉ុន សេវាធនាគារឌីជីថលទំនើប ការគ្រប់គ្រងទំនាក់ទំនងអតិថិជនប្រកបដោយប្រសិទ្ធភាព និងវត្តមានយ៉ាងទូលំទូលាយទូទាំងប្រទេស។ តាមរយៈការសហការជាមួយដៃគូដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុត ធនាគារបន្តផ្តល់នូវដំណោះស្រាយប្រកបដោយទំនុកចិត្ត ស័ក្តិសម និងស្របតាមតម្រូវការរបស់អតិថិជនគ្រប់រូប ទាំងសហគ្រិន និងម្ចាស់អាជីវកម្មទូទាំងប្រទេសកម្ពុជា។
អនុស្សរណៈនៃការយោគយល់នេះ គឺលើសពីកិច្ចព្រមព្រៀងផ្លូវការ ដោយវាជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ស្ថាបនា ក្នុងការបន្តពង្រឹង និងលើកកម្ពស់សេវាធនាគារព្រីមារណ៍របស់ខ្លួន ព្រមទាំងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូដែលគួរជាទីទុកចិត្ត ដើម្បីផ្តល់នូវបទពិសោធសេវាធនាគារ និងរបៀបរស់នៅប្រកបដោយប្រណីតភាព ឧត្តមភាព និងផ្តោតលើអតិថិជនជាចម្បង។

អំពីធនាគារ ស្ថាបនា
គិតចាប់ពីឆ្នាំ 2016 មក ធនាគារ ស្ថាបនា ភីអិលស៊ី បានដំណើរប្រតិបត្តិការក្នុងនាមជាធនាគារពាណិជ្ជ ក្រោមស្ថាប័នហិរញ្ញវត្ថុ ម៉ារ៉ូហាន់ ធនាគារ ជប៉ុន ហើយបានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារឈានមុខគេនៅកម្ពុជា។ ជាមួយទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក បុគ្គលិកច្រើនជាង 3,000 នាក់ សាខាចំនួន175 ទូទាំងប្រទេស ស្ថាបនាព្រីមារណ៍ ចំនួន4 និងម៉ាស៊ីនអេធីអឹមជាង 250កន្លែង ធនាគារ ស្ថាបនា ផ្តល់ជូននូវសេវាកម្មធនាគារយ៉ាងសម្បូរបែប ជឿនលឿន និងដំណោះស្រាយទូទាត់ប្រកបដោយភាពច្នៃប្រឌិត ទូទាំងប្រទេស។
ដោយមានការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងការច្នៃប្រឌិតថ្មី ធនាគារ ស្ថាបនា បានទទួលពានរង្វាន់ជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិ រួមមាន វិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន ពានរង្វាន់ឆ្នើម «Best Retail Banking» និងពានរង្វាន់ឧត្តមភាពជាច្រើនពី VISA និង Mastercard។







