ព្រះគ្រូ វជិប្បញ្ញោ សាន សុជា ដែលមហាជនស្គាល់ព្រះអង្គ ក្នុងនាមជាសង្ឃនៃព្រះពុទ្ធសាសនា តែងតែចែករំលែកចំណេះដឹងក្នុងវិស័យព្រះពុទ្ធសាសនា រយៈពេល៣១ឆ្នាំមកហើយនោះ ព្រះអង្គបានលាចាកសិក្ខាបទហើយនៅល្ងាចថ្ងៃទី២១ ខែឧសភានេះ។
គុណម្ចាស់ ប្រសូត្រ ខែមិគសិរ ឆ្នាំម្សាញ់ ព.ស ២៥២០ គ.ស ១៩៧៦ នៅភូមិតាអុក ឃុំកំពង់យោល ស្រុកទ្រាំង ខេត្តតាកែវ ដោយមាន លោកឪពុកឈ្មោះ ទឹម ទុយ និងអ្នកម្ដាយ អៀង ចែម សព្វថ្ងៃស្ថិតនៅក្នុងឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ ដោយមានបងប្អូនប្រុសស្រីចំនួន៤នាក់។ កើតក្នុងសម័យសង្គ្រាម នៅវ័យកុមារលោកគ្រូជាក្មេងដែល រៀនមិនសូវទាន់គេនោះទេព្រោះគ្រួសារក្រលំបាក ហើយជាក្មេងដែលឈឺច្រើនថែមទៀត។
នៅអាយុ១៥ឆ្នាំ ព្រះអង្គបានបួសនិងបន្តរៀនសូត្រនៅសាលាពុទ្ធិកនៃវិទ្យាល័យព្រះសុរាម្រឹតដោយព្រះអង្គបានសិក្សាភាសាបាលី ថៃនិងអង់គ្លេស។ នាឆ្នាំ១៩៩៩ ព្រះអង្គត្រូវបានចាត់ឱ្យទៅបង្រៀនសោមណេរនិងព្រះវិន័យនៅអារាមខេត្តតាកែវ។ លុះឆ្នាំដដែលព្រះអង្គបានចូលប្រឡងជាប់ជាគ្រូនៅក្រសួងធម្មការនិងសាសនាហើយក៏បានជាប់ឈ្មោះទៅបង្រៀននៅខេត្តពោធិសាត់និងបានក្លាយជាភិក្ខុដែលបង្រៀនផ្លូវពុទ្ធិចក្រ អាណាចក្រនិងការអប់រំចិត្តដែលមានកេរ្ត៍ឈ្មោះបោះសំឡេងមួយព្រះអង្គទាំងក្រុងនិងក្រៅប្រទេសរហូតមកដល់បច្ចុប្បន្ននេះ។
គួរជម្រាបផងដែរថា ក្រោយពីមានកត្តិនាមល្អនៅក្នុងវិស័យព្រះពុទ្ធសាសនាអស់រយៈពេល៣១ឆ្នាំមកហើយល្ងាចនេះព្រះអង្គបានលាចាកសិក្ខាបទជាផ្លូវការហើយ ដោយយោងតាមទំព័រផេក Facebook របស់ព្រះអង្គ សាន សុជា ដែលមានឈ្មោះថា San Sochea បានបង្ហោះសារភ្ជាប់ជាមួយវីឌីអូកាលល្ងាចថ្ងៃទី២១ ឧសភានេះ៕
អត្ថបទដោយ៖ ពីង ជូអេង