ជាសញ្ញាល្អមួយ ខណៈក្រុមហ៊ុនធំៗរបស់ប្រទេសកូរ៉េខាងត្បូងរួមមាន៖ ក្រុមហ៊ុន Samsung, LG, Hyundai និងក្រុមហ៊ុនធំៗមួយចំនួនទៀតបានបង្ហាញនូវបំណងក្នុងការចូលរួមបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ស្រមតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានម្រោងបង្កើតតំបន់ឧស្សាហកម្មឲ្យបានច្រើន។
យោងតាមការដកសង់ពីឯកឧត្ដម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងហ្វេសប៊ុកផេកផ្លូវការបានសរសេរយ៉ាងដូច្នេះថា «ក្រុមហ៊ុនយក្សរបស់កូរ៉េដូចជា Samsung, LG, Booyong, CJ Group, Hyundai, Deajoo, Hanshin …. បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជា និងប្តេជ្ញាចូលរួមវិនិយោគនៅកម្ពុជា ព្រមទាំងមានបំណងចូលរួមបង្កើតតំបន់ឧស្សាហកម្មកម្ពុជា-កូរ៉េ (Cam-Ko Industrial Park) តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្ត្រី»។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ឧត្តម In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើនបានធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ទាក់ទងការបង្កើតតំបន់ឧស្សាហកម្មនេះដែរ កាលពីពេលកន្លងទៅសម្ដេចធិបតីបានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយមិត្ដអន្ដរជាតិនៅក្នុងការបង្កើតតំបន់ឧស្សាហកម្មរួមគ្នាដូចជា តំបន់ឧស្សាហកម្មកម្ពុជា-ជប៉ុន តំបន់ឧស្សាហកម្មកម្ពុជា-ចិន តំបន់ឧស្សាហកម្មកម្ពុជា-ឥណ្ឌា និងតំបន់ឧស្សាហកម្មដទៃទៀត ដើម្បីធ្វើយ៉ាងណាទាក់ទាញឲ្យក្រុមហ៊ុនធំៗនៅប្រទេសទាំងនោះមកដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត៕