មហាវិថីសំរោង ដែលមានទីតាំងស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញចូលរួមក្នុងពិធីសម្ពោធខាងលើ។
តាមការលើកឡើងរបស់ឯកឧត្ដម មហាវិថីសំរោងនេះ មានប្រវែង៥.២០០ម៉ែត្រ និងទទឹង៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុងអាមេ មានទីតាំងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍បឹងសំរោង ភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មហាវិថីសំរោងនឹងក្លាយជាសរសៃឈាមយ៉ាងសំខាន់ នាភាគខាងជើងរាជធានីភ្នំពេញដោយភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមបុរីភូមិសំរោង ដែលនឹងជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។
ប្រជាពលរដ្ឋនឹងអាចធ្វើដំណើរតាមផ្លូវកាត់នេះពីសាលាខណ្ឌព្រែកព្នៅទៅផ្លូវកប់ស្រូវ ឬ ផ្សារទំនើប Aeon 2 នៅតំបន់សែនសុខ និង ជិះពីAeon 2 ឬតំបន់សែនសុខ ទៅផ្លូវជាតិលេខ៥ វិញនៅត្រង់បុរីភូមិសំរោង បានយ៉ាងឆាប់រហ័សនិងមិនមានការកកស្ទះឡើយ។
មហាវិថីនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរចេញពីផ្លូវជាតិលេខ៥ រួមទាំងភ្ជាប់ការធ្វើដំណើរទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុបានយ៉ាងឆាប់រហ័សជាទីបំផុត៕