អ្នកនិយមតាមដានខ្សែភាពយន្តហុងកុង ប្រាកដជាស្គាល់លោក Sammo Hung ពូកែទាំងសម្តី រឿងវាយទាត់ធាក់មិនឲ្យចាញ់គេ លោកក៏ជាតារាភាពយន្តដ៏មានប្រជាប្រិយភាពបំផុតម្នាក់ក្នុងស្រទាបមហាជនខ្មែរផងដែរ។ តើតារាញញឹមស្រស់រូបនេះមានប្រវត្តិនិងការសម្តែងដូចម្តេចខ្លះ?
លោក Sammo Hung ឬប្រជាជនខ្មែរតែងនិយមហៅថា អាម៉ាប់ កើតក្នុងឆ្នាំ១៩៥២ លើទឹកដីប្រទេសចិន។ លោកគឺជាកូនប្រុសពៅក្នុងត្រកូលអ្នកសិល្បៈដែលមានឪពុកម្តាយជាទីប្រឹក្សាសម្លៀកបំពាក់នៅឧស្សាហកម្មភាពយន្ត ជីដូនជីតា និងសូម្បីតែបងប្រុសតែម្នាក់ក៏ជាតារាសម្តែងដែរ។
ក្នុងឆ្នាំ១៩៦០ កុមារា Sammo Hung បានចុះឈ្មោះចូលរៀនក្នុងសាលាសិល្បៈចិន និងបានសិក្សានៅទីនោះអស់រយៈពេល៧ឆ្នាំ។ ដោយសារតែឈាមជ័រសិល្បៈរត់ត្របាញ់ពេញខ្លួន និងមានដុងពីកំណើតផងនោះលោកបានក្លាយជាសមាជិកដំបូងបង្អស់នៃក្រុមសម្តែង 7 Little Fortune។
លោក Sammo Hung កសាងកេរ្តិ៍ឈ្មោះលើថ្នាលសិល្បៈតាំងពីតូច ដោយចាប់ផ្តើមអាជីពសម្តែងដំបូងក្នុងឆ្នាំ១៩៦១។ លោកបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តវាយតប់ល្បីជាច្រើន ជាពិសេសការសម្តែងជាមួយកំពូលតារាក្បាច់គុណចិនលោក Jackie Chan ឬ ឈិនឡុង លោក Donnie Yen ឬ កុំកុំ និងលោក Bruce Lee ឬ លីសៀវឡុង នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ លោកក៏ត្រូវបានគេចាត់ទុកថាជានាគមួយក្នុងចំណោមនាគទាំងបីនៃតារាក្បាច់គុណចិនផងដែរ។
ចាប់តាំងពីការបោះជំហានប្រឡូកចូលវិថីសិល្បៈដំបូង រហូតដល់ឆ្នាំ២០២២ យោងតាមការចេញផ្សាយរបស់គេហទំព័រ ThroughTheClutte លោកធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តចំនួន១៩៣រឿង និងធ្លាប់ឈ្នះពានរង្វាន់កំពូលៗចំនួន១០ រួមទាំងបានក្លាយជាតារាអាស៊ីតែម្នាក់គត់ដែលមានកម្មវិធីសំខាន់ៗលើទូរទស្សន៍ CBS ក្នុងឆ្នាំ១៩៩៨។ ខ្សែភាពយន្តមួយចំនួនរបស់លោកដូចជា Spooky Encounters ឆ្នាំ១៩៨០ និងរឿង Winners and Sinners ឆ្នាំ១៩៨៣ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមទស្សនិកជន។
ក្រៅពីអាជីពសម្តែង តារាក្បាច់គុណ ផលិតករភាពយន្ត និងជាអ្នកដឹកនាំភាពយន្តដ៏ល្បីល្បាញមួយរូបរបស់ហុងកុងលោក Sammo Hung ក៏មានក្រុមហ៊ុនផលិតខ្សែភាពយន្តចំនួន៤ផងដែរដូចជា Gar Bo Motion Picture Company, Bo Ho Film Company Ltd, D&B Films Company Ltd, Bojon Films Company Ltd និងបានផលិតខ្សែភាពយន្តជាច្រើនក្រោមឈ្មោះផលិតកម្មរបស់លោក។
គួរជម្រាបផងដែរថា បុរសវ័យ៧០ឆ្នាំខាងលើបានរៀបការក្នុងឆ្នាំ១៩៧៣ ជាមួយអ្នកនាង Jo Yun Ok និងមានកូន៤នាក់ជាចំណងដៃ។ ចំណងអាពាហ៍ពិពាហ៍បានដើរដល់ផ្លូវបំបែកក្នុងឆ្នាំ១៩៩៤ ក្រោយពេលរួមរស់ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធអស់រយៈពេល ២១ឆ្នាំ។ បន្ទាប់ពីការលែងលះគ្នាមួយឆ្នាំ លោកបានរៀបការជាមួយអ្នកនាង Joyce Godenzi ដែលជាអ្នកសិល្បៈដូចគ្នា។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២២នេះ លោក Sammo Hung មានទ្រព្យសម្បត្តិប្រមាណ ៤០លានដុល្លារ យោងតាមចេញផ្សាយដោយគេហទំព័រ celebritynetworth៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366