សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចង់ឲ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ដមួយដោយពុំមានការប្រើប្រាស់គ្រឿងញៀន ក្រុមបងធំបងតូច ឬបង្កជម្លោះផ្សេងៗ និងកំពុងគិតគូរដំឡើងប្រាក់ខែជូនកម្មករ-កម្មការិនីម្តងក្នុងមួយឆ្នាំ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៣នេះយ៉ាងដូច្នេះថា៖ «ត្រូវខិតខំធ្វើយ៉ាងម៉េច ដើម្បីរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលខ្ញុំពិតជាមានការរីករាយណាស់ ដោយសង្កេតឃើញថា នៅក្នុងក្របខ័ណ្ឌរោងចក្រសហគ្រាសនៅទូទាំងប្រទេស មិនមែនជាទីកន្លែងប្រើប្រាស់គ្រឿងញៀនទេ នេះការសប្បាយរីករាយ»។
បន្ថែមពីលើនេះ សម្តេចតេជោ ធ្លាប់បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា ដើម្បីមានយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករ-កម្មករិនី រាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល១ឆ្នាំម្ដង ដល់កម្មករ-កម្មការិនី។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តថែមទៀត លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការទាក់ទាញវិនិយោគបន្ថែមលើវិស័យរោងចក្រនេះមកកាន់កម្ពុជា ជាពិសេសទៅដល់បណ្ដាខេត្ត ដើម្បីផ្ដល់ការងារដល់ប្រជាពលរដ្ឋ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)


