បច្ចុប្បន្នស្ថានភាពវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកនៅមិនទាន់មានភាពល្អប្រសើរឡើងវិញ ដូចមុនឆ្នាំ២០១៩ នៅឡើយនោះទេ។ យ៉ាងណាបើទោះជាស្ថានភាពទីផ្សារមានភាពលំបាក ប៉ុន្ដែអចលនទ្រព្យមួយចំនួនក៏នៅតែមានតម្រូវការ ពីអ្នកវិនិយោគ និងអ្នកទិញយកទៅប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ។
ជាក់ស្ដែងអ្នកជំនួញផ្នែកអចលនទ្រព្យមួយរូបនៅកម្ពុជាគឺ អ្នកឧកញ៉ា សំ សុខនឿន ដែលបច្ចុប្បន្នជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានបង្ហាញនូវប្រភេទអចលនទ្រព្យមួយចំនួនដែលកំពុងមានតម្រូវការផង។ តាមការបញ្ជាក់របស់អ្នកឧកញ៉ាមកកាន់ Business Cambodia សម្រាប់អចលនទ្រព្យដែលកំពុងតម្រូវការមានដូចខាងក្រោម៖
· ដីឧស្សាហកម្ម ដីសម្រាប់រោងចក្រ និងឃ្លាំង នៅមានតម្រូវការជាបន្តបន្ទាប់ តែដីនោះជាដីដែលមានតម្លៃក្រោម ១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· ឃ្លាំង និងរោងចក្រសម្រាប់ជួលនៅតែមានអ្នកជួល ដោយអាចជួលពីតម្លៃ ១.៦ ដុល្លារក្នុង ១ ម៉ែត្រការ៉េទៅ ២.២ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· ដីក្នុងទីក្រុងភ្នំពេញ បើលក់តម្លៃ ៥០ ភាគរយ ឬ ៦០ ភាគរយក្រោមទីផ្សារនៅតែមានអ្នកទិញ។
· ផ្ទះតម្លៃក្រោម ៦ ម៉ឺនដុល្លារ នៅទីក្រុងភ្នំពេញ នៅតែមានអ្នកទិញរស់នៅផ្ទាល់ខ្លួន។
· ផ្ទះវីឡាតម្លៃថ្លៃក្នុងបុរីនៅតែមានអ្នកទិញ សម្រាប់រស់នៅផ្ទាល់ខ្លួន តែមិនមែនទិញសម្រាប់ទុកចំណេញទៀតទេ។
· ខុនដូតម្លៃសមរម្យ ក្រោម ៥ ម៉ឺនដុល្លារក្នុងទីក្រុងភ្នំពេញ នៅតែមានអ្នកទិញ។
គួរជម្រាបផងដែរថា ក្រៅតែជាម្ចាស់ក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ា សំ សុខនឿន ក៏ជាម្ចាស់ស្នាដៃសៀវភៅ “គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងវិស័យអចលនទ្រព្យ” ដែលសៀវភៅនេះសរសេររៀបរាប់ពីដំណើរការកសាងគ្រឹះក្នុងវិស័យអចលនទ្រព្យ ការដឹកនាំជីវិត និងអាជីវកម្មរបស់អ្នកឧកញ៉ាផ្ទាល់រយៈពេលជិត ២០ ឆ្នាំកន្លងមក។ សម្រាប់លោកអ្នកដែលចង់បានសៀវភៅមួយក្បាលនេះអាចស្វែងរកទិញបាននៅតាមបណ្ណាគារ ឬទាក់ទងទិញតាមហ្វេសប៊ុក Dr. Sam Soknoeun បណ្ឌិត សំ សុខនឿន ៕