ការទិញផ្ទះគឺជារឿងសំខាន់បំផុតមួយនៅក្នុងជីវិតមនុស្សម្នាក់ៗ ដោយសារតែត្រូវចំណាយលុយច្រើន។ ហើយបច្ចុប្បន្នការទិញផ្ទះគឺមានច្រើនបែប ពិសេសការទិញផ្ទះដោយការបង់រំលស់ឃើញមានភាពពេញនិយមច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវាមានភាពងាយស្រួល ព្រោះមិនចាំមានលុយគ្រប់ក៏អាចទិញបានតាមរយៈការបង់ប្រាក់ប្រចាំខែ។ យ៉ាងណានៅក្នុងភាពងាយស្រួលនេះ អ្នកទិញក៏អាចនឹងជួបបញ្ហាផងដែរ ប្រសិនបើពុំបានសិក្សាឲ្យបានល្អិតល្អន់ទេនោះ។
ជាក់ស្ដែងលោក សំ កុសល ដែលជាអ្នកជំនាញមួយរូបបានលើកឡើងចំណុចរសើបចំនួន ៤ ដែលអ្នកចង់ទិញផ្ទះដោយការបង់រំលស់ត្រូវដឹង និងគណនាឲ្យបានច្បាស់សិនដើម្បីចៀសវាងហានិភ័យនាពេលខាងមុខ។ ដោយចំណុចរសើបទាំង ៤ នោះរួមមាន៖
១. ប្លង់
ប្លង់គឺសំខាន់មែនទែនសម្រាប់អ្នកទិញអចលនទ្រព្យ ប្រសិនបើយើងទិញផ្ទះដែលគ្មានប្លង់ត្រឹមត្រូវគឺដូចយកលុយទៅកប់ចោលអ៊ីចឹង ព្រោះយើងអាចនឹងមានបញ្ហាផ្នែកច្បាប់ទៅថ្ងៃខាងមុខបាន។ ត្រង់ចំណុចនេះដែរ លោក សំ កុសល បានលើកទឹកចិត្ដថា មុននឹងចេញទិញផ្ទះបុគ្គលម្នាក់ៗត្រូវប្រាកដថានឹងទទួលបានប្លង់ត្រឹមត្រូវពីម្ចាស់គម្រោង។
ដើម្បីដឹងព័ត៌មាននេះបាន យើងគប្បីត្រូវមើល ឬសាកសួរអ្នកដែលគេទិញផ្ទះមុនយើង ថាគាត់ទិញហើយបានប្លង់ឬក៏អត់? និងមួយទៀតត្រូវស្រាវជ្រាវប្រវត្ដិម្ចាស់គម្រោងដែលត្រូវទិញនេះឲ្យច្បាស់លាស់សិនផងដែរ។
២ ការប្រាក់
ការប្រាក់គឺជារឿងសំខាន់មួយសម្រាប់អ្នកចង់បង់រំលស់ត្រូវសិក្សាឲ្យបានច្បាស់ ថាមានអត្រាខ្ពស់ឬក៏អត់? ផ្ទះខ្លះតម្លៃមើលទៅទាបទេ ប៉ុន្ដែអត្រាការប្រាក់បង់រំលស់ប្រចាំខែគឺខ្ពស់ខ្លាំង។ ដូច្នេះបើសិនការប្រាក់ខ្ពស់ លោក សំ កុសល បានលើកទឹកចិត្ដឲ្យ រំលស់ជាមួយធនាគារ ព្រោះរំលស់ជាមួយធនគារគឺយើងនឹងទទួលបានកម្ចីមួយដែលមានអត្រាការប្រាក់ទាប។ ជាមួយគ្នានេះដើម្បីទទួលបានអត្រាការប្រាក់ទាប យើងត្រូវកសាង Credit ឲ្យបានល្អជាមួយធនាគារផងដែរ។
៣. ចំណូល
ចំណូលគឺជាចំណុចស្លាប់រស់ របស់អ្នកបង់រំលស់ ដែលត្រូវសិក្សឲ្យបានច្បាស់លាស់។ ចំណុចនេះដែរលោកបានសង្កត់ធ្ងន់ថា អ្នកដែលមានចំណូលតែ ១ ប្រភព គឺមានគ្រោះថ្នាក់បំផុតសម្រាប់ការបង់រំលស់។ ឧទាហរណ៍៖ បើចំណូល១ប្រភពនេះបាត់បង់ ឬមានបញ្ហា គឺការរំលស់របស់យើងនឹងជាប់គាំងតែម្ដង។
ដើម្បីការពារបញ្ហា លោកបានលើកទឹកចិត្ដដល់អ្នកបង់រំលស់ ត្រូវមានចំណូលច្រើនប្រភព បើសិនមានបញ្ហាមួយប្រភព គឺយើងនៅសល់មួយឬច្រើនប្រភពទៀតដើម្បីទប់។ ព្រោះការបង់រំលស់មិនមែន ១ ឆ្នាំ ឬ ២ ឆ្នាំរួចទេ ពោលគឺ ១០ ទៅ ២០ ឆ្នាំ ដូច្នេះនៅក្នុងដំណាក់កាលនៃការបង់រំសល់នេះ បើមានបញ្ហាអ្វីមួយកើតឡើងធ្វើឲ្យប៉ះពាល់ចំណូលរបស់យើងច្បាស់ជាយ៉ាប់មិនខាន ជាក់ស្ដែងដូចវិបត្ដិកូវីដ-១៩ ជាដើម។
៤. ហេតុផលនៃការទិញ
មុនទិញផ្ទះដាច់ខាតត្រូវសួរខ្លួនឯងសិនថា ទិញមកដើម្បីវិនិយោគ ឬក៏រស់នៅ? បើសិនយើងរំលស់ផ្ទះ ហើយចំណូលនៅតិច យើងគួរយកផ្ទះហ្នឹងទៅជួលវិញទើបល្អ ព្រោះដើម្បីបានចំណូលបន្ថែមដើម្បីសម្រួលដល់ការបង់ប្រាក់បាន។ ហើយលោកបានលើកទឹកម្ចាស់ផ្ទះ គួរនៅផ្ទះជួលមួយរយៈសិន នៅពេលយើងបង់បានច្រើន ឬមានចំណូលកើនឡើងរឹងមាំហើយ ចាំចូលរស់នៅវិញក៏បាន៕


