បច្ចេកវិទ្យាឆ្លាតវៃ Chat GPT របស់ក្រុមហ៊ុន OpenAI បានធ្វើឱ្យពិភពលោកបោះពួយក្រសែភ្នែក ស្រូបចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាអំពីសមត្ថភាពពិសេសអស្ចារ្យមិនចាញ់មនុស្ស និងអាចបំពេញមុខងារជាច្រើន។ ចុះតើនរណាឈរពីក្រោយ Chat GPT នេះ?
បុរសដែលយើងកំពុងវែកមុខខាងលើមានឈ្មោះថា Sam Altman កើតនាឆ្នាំ១៩៨៥ ក្នុងគ្រួសារជនជាតិជ្វីហ្វ ដែលមានម្តាយជាគ្រូពេទ្យជំនាញខាងសើស្បែក។ កុមារា Sam បានប្រើកុំព្យូទ័រជាលើកដំបូងតាំងពីអាយុ៨ឆ្នាំមកម្លេះ និងតែងបរិភោគអាហារបួស។ លុះពេញកំលោះលោកបានសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Stanford ប៉ុន្តែបានសម្រេចចិត្តបោះបង់ការសិក្សាពាក់កណ្តាលទីនៅឆ្នាំ២០០៥ ក្នុងវ័យ១៩ឆ្នាំ។
ក្នុងឆ្នាំដែល Sam សម្រេចចិត្តចាកចេញពីសាលា លោកក៏បានក្លាយជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Loopt ដែលជាកម្មវិធីទូរស័ព្ទចល័តតាមបណ្តាញទំនាក់ទំនងសង្គមទៅហើយ។ គ្រានោះលោកមានទំនាក់ទំនងស្នេហាជាមួយសហស្ថាបនិកក្រុមហ៊ុន Loopt គឺលោក Nick Sivo អស់រយៈពេលប្រាំបួនឆ្នាំ មុនពេលពួកគេបែកបាក់គ្នាភ្លាមៗបន្ទាប់ពីក្រុមហ៊ុនត្រូវបានទិញក្នុងឆ្នាំ១០១២។
យ៉ាងណាមិញ Sam ត្រូវបានគេដាក់ឈ្មោះថាជាអ្នកវិនិយោគកំពូលដែលមានអាយុក្រោម ៣០ឆ្នាំដោយទស្សនាវដ្ដី Forbes ក្នុងឆ្នាំ២០១៥ ជា «សហគ្រិនវ័យក្មេងល្អបំផុតក្នុងបច្ចេកវិទ្យា» ដោយទស្សនាវដ្តី Businessweek ក្នុងឆ្នាំ២០០៨ ហើយបានចុះបញ្ជីថាជាស្ថាបនិកចាប់ផ្តើមអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងចំណោម ៥នាក់នៅចន្លោះឆ្នាំ១៩៧៩ និងឆ្នាំ២០០៩។
មិនតែប៉ុណ្ណោះនាខែមីនា ឆ្នាំ២០១៩ YC បានប្រកាសពីការផ្លាស់ប្តូររបស់ Sam ទៅជាតំណែងប្រធាន ដើម្បីផ្តោតលើ OpenAI ដែលបានបង្កើតដំបូងក្នុងឆ្នាំ២០១៥ ដែលមានមហាសេដ្ឋីជាច្រើនរូបផ្តល់មូលនិធិស្រាវជ្រាវលើបច្ចេកវិទ្យា។ ក្នុងឆ្នាំ២០១៧ នាយកប្រតិបត្តិរូបនេះបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិស្វកម្មពីសាកលវិទ្យាល័យ Waterloo។ គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ លោក Sam Altman មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ២ពាន់លានដុល្លារ ចេញផ្សាយដោយ wealthyrichceleb។
គួរជម្រាបផងដែរថា យោងតាមប្រភពព័ត៌មានពី CTV News បានរាយការណ៍ថា ឥទ្ធិពលរបស់ Chat GPT លើកម្លាំងពលកម្មរបស់មនុស្សនឹងអាស្រ័យលើល្បឿនដែលវារីកចម្រើន ប្រភេទនៃការងារដែលរងផលប៉ះពាល់ និងលទ្ធភាពទទួលបានការងារជំនួស។ ក្នុងករណីខ្លះ មនុស្សអាចស្វែងរកការងារថ្មីក្នុងវិស័យដែលពាក់ព័ន្ធ ការទទួលបានជំនាញថ្មី និងការផ្លាស់ប្តូរទៅកាន់ឧស្សាហកម្មផ្សេងៗគ្នា។ ក្នុងនោះ AI នេះជះផលប៉ះពាល់ដល់បុគ្គលិក៣ប្រភេទ ធ្វើការលើ៖
១/. ការបង្កើតនូវមាតិកានានាសម្រាប់អាជីវកម្មកាន់តែសម្បូរបែប មិនថាជាអត្ថបទ វីដេអូនានា ដែលចាំបាច់សម្រាប់ការផ្សព្វផ្សាយអាជីវកម្ម។
២/. ផ្តល់ជំនួយក្នុងដំណើរការលក់ និងការបញ្ជាទិញតាមអ៊ីនធឺណិត។ វាអាចត្រូវបានដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់អាជីវកម្ម ឬហាងអនឡាញ ដើម្បីជួយអតិថិជនក្នុងការរុករកគេហទំព័រ ស្វែងរកផលិតផល និងបញ្ចប់ការទិញ។
៣/. ផ្លាស់ប្តូររបៀបដែលអាជីវកម្មដំណើរការដោយផ្តល់នូវការចូលប្រើប្រាស់ព័ត៌មាន និងការយល់ដឹងភ្លាមៗ ដោយមានជំនួយពីឧបករណ៍នានា និងការប្រើប្រាស់ពួកវាជាមួយកម្មវិធីអាជីវកម្មផ្សេងៗ វាអាចផ្តល់នូវការវិភាគ និងការណែនាំក្នុងពេលវេលាជាក់ស្តែង ជួយឱ្យអាជីវកម្មធ្វើការសម្រេចចិត្តបានប្រសើរជាងមុន និងបន្តនាំមុខការប្រកួតប្រជែង។
ជាមួយគ្នានេះ ការអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់ AI គួរតែត្រូវបានដឹកនាំដោយការពិចារណាប្រកបដោយក្រមសីលធម៌ និងធានាថាវាផ្តល់អត្ថប្រយោជន៍ដល់មនុស្សទាំងអស់នៅក្នុងសង្គម។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សគួរពង្រឹងការយល់ដឹងខាងផ្នែកបច្ចេកវិទ្យា អភិវឌ្ឍជំនាញទន់ ស្វែងរកឱកាសថ្មីៗ បង្កើតទំនាក់ទំនង និង បណ្តាញផ្សេងៗ។ សរុបមក AI អាចនឹងផ្លាស់ប្តូរលក្ខណៈនៃការងារនៅក្នុងឧស្សាហកម្មជាច្រើន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦


