CambodiaTrade គឺជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក B2B2C ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលជួយដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា បានដាក់លក់ផលិតផលរបស់ខ្លួន តាមប្រព័ន្ធអេឡិចត្រូនិក ដល់អតិថិជនសក្តានុពលទំាងទីផ្សារក្នុងស្រុក និងក្រៅស្រុក ដែលប្រតិបត្តិការតាមថ្នាលអេឡិចត្រូនិក Cambodiatrade.com ដោយមានការតភ្ជាប់ពេញលេញជាមួយប្រព័ន្ធទូទាត់ប្រាក់ និងដឹកជញ្ជូន។
ចំពោះវេបសាយនេះដែរ គឺមានផលិតផលជាង ១៥០០ មុខ បានកំពុងដាក់តាំងបង្ហាញនៅលើវេបសាយខេមបូឌាត្រេដដូចជា ផលិតផលកសិកម្ម និងផលិតផលកសិ-កែច្នៃ ផលិតផលសម្គាល់ភូមិសាស្ត្រកម្ពុជា អាហារនិងភេសជ្ជៈ វត្ថុអនុស្សាវរិយ៍និងផលិតផលសិប្បកម្ម សុខភាពនិងវេជ្ជសាស្រ្ត សម្លៀកបំពាក់ និងវាយនភណ្ឌជាដើម។
ផ្សារពាណិជ្ជកម្មនេះ ស័ក្តិសមសម្រាប់លោកអ្នកដែលកំពុងមានតម្រូវការចង់ទិញផលិតផលខ្មែរសុទ្ធ និងមានគុណភាពខ្ពស់។ កាន់តែពិសេសនោះ ផ្សារខេមបូឌាត្រេដ អនុញ្ញាតឱ្យអតិថិជនទទួលយកនូវបទពិសោធន៍ មិនត្រឹមតែជាការទិញទំនិញរាយប៉ុណ្ណោះទេ តែក៏អាចទិញសម្រាប់ការលក់ដុំបានផងដែរ។
នៅក្នុងនោះដែរ ផ្សារខេមបូឌាត្រេដ បានជម្រុញឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកមានឱកាសប្រកួតប្រជែងបែបវិជ្ជមានដើម្បីផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ជាមួយតម្លៃសមរម្យ ហើយអាចពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួនមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ទៅកាន់អតិថិជនមានសក្តានុពលរបស់ខ្លួននៅក្រៅប្រទេសបានថែមទៀតផង។
លើសពីនេះទៅទៀត ក្រៅពីមានអតិថិជនក្នុងស្រុកវេបសាយនេះក៏មានប្រទេសផ្សេងៗចំនួន ១៥០ ប្រទេសផងដែរ ដែលបានចូលទៅកាន់វេបសាយរបស់ផ្សារខេមបូឌាត្រេដ។ កន្លងមក ផ្សារខេមបូឌាត្រេដទទួលបានការបញ្ជាទិញពី អតិថិជនមកពីក្រៅប្រទេសដូចជា៖ ប្រទេសស្វីស ហូឡង់ អូស្រ្តាលី សិង្ហបុរី បារាំង ជប៉ុន និងសហរដ្ឋអាមេរិច នេះបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់របស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលមានសមត្ថភាពនាំយកផលិតផលមានគុណភាពរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។
គូសបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មកំពុងជម្រុញ និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងធម្យម នាំយកផលិតផលរបស់ខ្មែរមកដាក់លក់នៅលើគេហទំព័រ CambodiaTrade ឱ្យបានច្រើន ដើម្បីនាំផលិតផល ដែលបង្កើតដោយស្នាដៃខ្មែរ ទៅកាន់បណ្ដាប្រទេសធំៗជាបន្តបន្ទាប់៕
- ទំនាក់ទំនង៖ 098 | 099 223 030
- Facebook: CambodiaTrade B2B Marketplace
- Website: www.cambodiatrade.com
- Email: info@cambodiatrade.com
អត្ថបទ៖ ធី ស្រីល័ក្ខ