ចង់ចេញរកស៊ីកុំយកលេសថាអត់លុយ ! គន្លឹះអាជីវកម្មទាំង ៣នេះ ទោះដើមទុនតិចក៏អាចចេញរកស៊ីបាន
Srey NuthNOVEMBER 23 2023416 views

សំណួរមួយនេះ យើងតែងឮជាញឹកញាប់ពីសំណាក់ក្រុមយុវជនក្មេងៗដែលមានគំនិតចង់ចេញរកស៊ីតែមិនដឹងរកស៊ីអ្វីព្រោះដើមទុនដែលមាននៅក្នុងខ្លួនគឺមានស្ដួចស្តើងដែលជាហេតុធ្វើឲ្យពួកគេមានភាពខ្លាចរអា និងមិនហ៊ានចាប់ផ្ដើមអាជីវកម្មទាំងនោះ។

 

មែនទែនទៅ ថ្វីបើដើមទុនវាជាចំណុចសំខាន់សម្រាប់ការចេញរកស៊ីដំបូងក៏ពិតមែន ប៉ុន្ដែក៏មិនមែនមានន័យថាបើយើងមិនមានដើមទុនគ្រប់គ្រាន់យើងមិនអាចចេញរកស៊ីបាននោះទេ។ អ្នកទាំងអស់គ្នាត្រូវចាំថា មានសហគ្រិនជោគជ័យជាច្រើននាក់ដែលចាប់ផ្ដើមអាជីវកម្មឡើងដោយបាតដៃ ទទេរហើយទីបំផុតពួកគេនៅតែអាចទទួលបានជោគជ័យ នេះមានន័យថាអ្វីៗក៏អាចកើតឡើងបានដែរ អ្វីដែលសំខាន់គឺឆន្ទៈរបស់យើង ដូច្នេះសូមកុំយកប្រាក់ជាឧបសគ្គធំមករារាំងអ្នកក្នុងការបង្កើតមុខរបរអី។

ថ្ងៃនេះ​ Business Cambodia នឹងលើយកគន្លឹះអាជីវកម្មដែលអាចឲ្យអ្នកចាប់ផ្ដើមជាមួយដើមទុនតិចតួចបាន ហើយអ្នកក៏គួរតែចាប់ផ្ដើមរត់ទៅតាមក្ដីស្រមៃរបស់អ្នកផងដែរ។

 

១. ចាប់ផ្ដើមអាជីវកម្មធម្មតា ឬងាយៗជាមុនសិន

 

ប្រសិនបើដើមទុនរបស់អ្នកនៅមានកម្រិតអ្នកមិនគួរសម្លឹងទៅមើលអាជីវកម្មធំៗនោះទេ ផ្ទុយមកវិញអ្នកគួរតែងាកមកមើលអាជីវកម្មណាដែលចាយទុនតិចហើយចំណូលហូរចូលមិនដាច់។ ជាយោបល់របស់យើង អ្នកគួរតែចាប់ផ្ដើមអាជីវកម្មបែបលក់ទំនិញតាមអនឡាញ ព្រោះអាជីវកម្មមួយនេះ មិនត្រូវការដើមទុនច្រើននោះទេ ហើយអ្នកក៏មិនចាំបាច់យកទំនិញមកស្ដុកទុកចោលនោះដែរ។ អ្នកលក់ដែលខ្លាំងពូកែ គឺពួកគេមិនដែលយកទំនិញមកស្ដុកទុកហើយទើបបានដើររកអតិថិជននោះទេ ពោលគឺពួកគេតែងតែស្វែងរកអតិថិជនជាមុនសិនទើបយកទំនិញមកតាមក្រោយ នេះជាអ្វីដែលអ្នកលក់អនឡាញចាប់ផ្ដើមជាមួយអាជីវកម្មតាមប្រព័ន្ធអ៊ីនធើណេតមួយនេះ។

 

២. យកទំនិញណាដែលងាយលក់ចេញទៅវិញ

 

នៅពេលដែលចាប់ផ្ដើមអាជីវកម្មដំបូងជាមួយដើមទុនតិចអ្វីដែលអ្នកគួរជៀសវាងនោះគឺការយកទំនិញមកស្ដុកចោលច្រើន ហើយមិនមែនជាទំនិញដែលមានតម្រូវការក្នុងទីផ្សារ។ អ្នកសាកគិតទៅមើលថា ប្រសិនបើយើងមានដើមទុនតិច ហើយយើងយកលុយទាំងនោះទៅកប់ចោលជាមួយទំនិញដែលលក់មិនចេញ តើយើងមានដើមទុនឯណាទៀតដើម្បីធ្វើឲ្យមានលំហូរសាច់ប្រាក់ក្នុងអាជីវកម្មរបស់យើង? សម្រាប់អាជីវកម្មដំបូងដែលអមជាមួយដើមទុនតិចបែបនេះ លំហូរសាច់ប្រាក់គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះយើងត្រូវការបង្វិលលុយចេញចូល និងទិញទំនិញថ្មីដើម្បីលក់ចេញទៅវិញដើម្បីឲ្យអាជីវកម្មរបស់យើងដើរទៅមុខ។

 

៣. ចាប់ផ្ដើមអាជីវកម្មប្រភេទសេវាកម្ម

 

បើគ្មានជម្រើសលក់ផលិតផលអ្វីនោះទេ លោកអ្នកគួរតែសាកល្បងទៅលើការលក់សេវាកម្មវិញម្ដង។ ការជ្រើសរើសប្រភេទសេវាកម្ម គឺអាចជួយឲ្យអ្នកមិនចាំបាច់ចំណាយថ្លៃដើមច្រើនពេកនោះទេ ហើយអ្នកក៏គួរតែចាប់ផ្ដើមជាមួយអ្វីដែលជាបទពិសោធន៍ និងចំណង់ចំណូលចិត្តរបស់អ្នកផងដែរ ព្រោះការធ្វើតាមចំណង់ចំណូលរបស់យើងវានឹងទទួលបានលទ្ធផលល្អប្រសើរ។ យ៉ាងណាមិញ អាជីវកម្មសេវាកម្មដែលកំពុងពេញនិយមនៅប្រទេសកម្ពុជាដូចជា សេវាជួសជុលម៉ាស៊ីនត្រជាក់តាមផ្ទះ សេវាកម្មសំអាតផ្ទះ ឬជួសជុលទូរស័ព្ទ ឬទូរទស្សន៍ ជួលជុលបរិក្ខារបន្ទប់ទឹក និងបោកគក់ជាដើម៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia