ក្រុមហ៊ុនលក់រថយន្តនៅប្រទេសវៀតណាមកំពុងតែជាប់គាំង បើទោះបីជាខំប្រឹងផ្សព្វផ្សាយក៏ដូចជាប្រឹងលក់បញ្ចុះតម្លៃសឹងតែពាក់កណ្តាលដើម្បីទាក់ទាញអតិថិជនយ៉ាងណាក៏ដោយ នៅតែគ្មានអ្នកទិញដដែល។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ឆ្នាំនេះគឺជាឆ្នាំដែលពិបាកធ្វើទីផ្សារបំផុតសម្រាប់អ្នកលក់រថយន្តនៅប្រទេសវៀតណាមដោយសារការលក់ធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងឆ្នាំមុន ហើយកត្តាដែលធ្វើឱ្យការលក់ធ្លាក់ចុះបែបនេះ ដោយសារតែពលរដ្ឋវៀតណាមកំពុងតែស្ទាក់ស្ទើរក្នុងការទិញរថយន្តថ្មីៗនេះ ម្យ៉ាងមកពីកត្តាសេដ្ឋកិច្ចពុំសូវអំណោយផលផងដែរ។
សមាគម ក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បាននិយាយថា សមាជិករបស់ខ្លួនបានលក់រថយន្តចំនួន ២៥,៣៦៩ គ្រឿងក្នុងខែតុលាកន្លងទៅនេះតែបើប្រៀបធៀបនឹងឆ្នាំមុនគឺវាធ្លាក់ចុះរហូតដល់ទៅ ៣១ភាគរយឯណោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តនៅវៀតណាម មានក្រុមហ៊ុនល្បីៗដូចជា Audi, Jaguar Land Rober, Mercedes-Benz, Nissan, Subaru, Volkswagen និង Volvo ប៉ុន្តែក្រុមហ៊ុនទាំងនេះមិនទាន់ពីលទ្ធផលនៃការធ្លាប់របស់អាជីវកម្មរបស់ពួកគេឡើយ៕
អត្ថបទ៖ ធី ស្រីល័ក្ខ