ប្រាក់ខែត្រឹម 300 ដុល្លារតើគួរចាយបែបណាទើបនៅសល់? នេះទំនងជាសំណួរដែលមនុស្សជាច្រើនចង់ដឹង។ បញ្ហាដែលមិនសូវសល់លុយ មិនមែនមកពីប្រាក់ខែតិចទេ តែអាចមកពីបញ្ហាសំខាន់មួយគឺ គ្មានរបៀបក្នុងការចាយឱ្យបានត្រឹមត្រូវ។ ប្រសិនបើយើងចេះរៀបចំប្រាក់ខែឱ្យបានល្អ ទោះបីប្រាក់ខែត្រឹម 300ដុល្លារក៏អាចនៅសល់ និងបង្កើតអនាគតល្អបានដែរ។ នេះគឺជាក្បួនចាយលុយទាំង ៥ ដែលអ្នកគួរតែសាកល្បងអនុវត្ត៖
១. សន្សំមុន ចាយក្រោយ៖ ចំណុចសំខាន់នេះគឺអ្នកត្រូវផ្លាស់ប្តូរគំនិតពីការ «ចាយមុន សន្សំក្រោយ» មកជា «សន្សំមុន ចាំចាយតាមក្រោយ»។ ពេលបានប្រាក់ខែមក គួរដកប្រហែល 10% ទៅ 20% ទុកសម្រាប់សន្សំភ្លាមៗ មិនគួររង់ចាំឱ្យចុងខែសល់ហើយទើបសន្សំទេ ព្រោះជាធម្មតា ចុងខែភាគច្រើនតែងតែគ្មានសល់អ្វី។ ឧទាហរណ៍ ប្រាក់ខែ 300$ ប្រសិនបើអ្នកសន្សំ 15% នោះស្មើនឹង 45$ ក្នុងមួយខែ។ ប្រាក់នេះអាចទុកជាប្រាក់បម្រុងបន្ទាន់សម្រាប់ពេលជំងឺ ឬពេលមានអាសន្នណាមួយកើតឡើង។
២. ចែកចាយលុយតាមក្រុមចំណាយធំៗ៖ ដើម្បីឱ្យការចំណាយមិនរញ៉េរញ៉ៃ អ្នកគួរបែងចែកប្រាក់ខែជា 3 ក្រុមធំៗ៖
ក្រុមទី១៖ ប្រាក់សន្សំសម្រាប់អនាគត (ប្រហែល 15%) ប្រាក់នេះគឺសម្រាប់ខ្លួនឯងនាពេលអនាគត។ វាជាវិន័យផ្នែកហិរញ្ញវត្ថុមួយដែលជួយឱ្យយើងមិនរស់ពីប្រាក់ខែមួយទៅប្រាក់ខែមួយទៀតដោយគ្មានអ្វីសល់។ បើសន្សំបានជាប់លាប់ 6 ខែ អ្នកនឹងមានប្រាក់បម្រុងជាង 200$ ហើយបើសន្សំបាន 1 ឆ្នាំ អ្នកនឹងចាប់ផ្តើមមានទុនតូចមួយសម្រាប់អនាគត។
ក្រុមទី២៖ ចំណាយចាំបាច់ប្រចាំថ្ងៃ (ប្រហែល 60%) នេះជាចំណាយដែលមិនអាចជៀសវាងបាន ដូចជា ថ្លៃផ្ទះ ឬបន្ទប់ជួល អាហារ ថ្លៃដឹកជញ្ជូន ទឹក ភ្លើង អ៊ីនធឺណិត និងថ្លៃទូរស័ព្ទ។ សរុបចំណាយផ្នែកនេះគួរតែស្ថិតនៅប្រហែល 180$។ ប្រសិនបើចំណាយចាំបាច់លើសចំនួននេះ នោះមានន័យថា កម្រិតជីវភាព របស់យើងខ្ពស់ជាងប្រាក់ចំណូល ហើយត្រូវពិចារណាកាត់បន្ថយចំណាយខ្លះៗ ដូចជា ប្ដូរទៅបន្ទប់ថោកជាងមុន ឬកាត់បន្ថយការញ៉ាំក្រៅញឹកញាប់។
ក្រុមទី៣៖ ចំណាយផ្ទាល់ខ្លួន និងការកម្សាន្ត (ប្រហែល 25%) ប្រាក់ផ្នែកនេះគឺសម្រាប់កាហ្វេ ដើរលេង ទិញសម្លៀកបំពាក់ ឬចំណាយតាមចិត្តខ្លួនឯង។ វាមិនមែនជារឿងខុសទេក្នុងការចាយលុយដើម្បីរីករាយជីវិត ប៉ុន្តែត្រូវកំណត់ព្រំដែនឱ្យច្បាស់។ បើកំណត់ថាចាយបានត្រឹម 75$ ក្នុងមួយខែ ពេលប្រាក់នេះអស់ ត្រូវឈប់ចាយ និងរង់ចាំដល់ខែក្រោយវិញ។
3. ប្រើវិធីបែងចែកថវិកា ដើម្បីគ្រប់គ្រងបានងាយ៖ មនុស្សជាច្រើនចាយលុយលើសពីគម្រោង ព្រោះមិនដឹងថាលុយខ្លួនឯងអស់ទៅលើអ្វីខ្លះ។ ដូច្នេះ គួរប្រើវិធីបែងចែកថវិកាជាកញ្ចប់ៗឬប្រើ App កត់ត្រាចំណាយ។ ពេលយើងឃើញច្បាស់ថាចំណាយលើអាហារ ប៉ុន្មាន ចំណាយលើកម្សាន្តប៉ុន្មាន នោះយើងនឹងចេះប្រយ័ត្ន និងចេះកាត់បន្ថយការចាយដែលមិនចាំបាច់។
4. ជៀសវាងទម្លាប់ដែលធ្វើឱ្យលុយអស់លឿន៖ មានទម្លាប់មួយចំនួនដែលធ្វើឱ្យប្រាក់ខែ 300$ មិនដែលនៅសល់ ដូចជា ការទិញរបស់តាមអារម្មណ៍ ការបង់រំលស់ទូរស័ព្ទថ្លៃៗ និងការចំណាយលើកាហ្វេរាល់ថ្ងៃ។ ប្រសិនបើយើងចំណាយកាហ្វេ 3$ ក្នុងមួយថ្ងៃ គឺស្មើនឹងជិត 90$ ក្នុងមួយខែ ដែលអាចសន្សំបានជាងពីរខែប្រាក់បម្រុង។ កាត់បន្ថយរឿងតូចៗទាំងនេះ អាចធ្វើឱ្យប្រាក់នៅសល់បានច្រើន។
5. បង្កើនចំណូលបន្ថែម ជាជំហានសំខាន់៖ បើទោះបីយើងចែកចាយលុយបានល្អក៏ដោយ ប្រាក់ខែ 300$ នៅតែមានកម្រិត។ ដូច្នេះ ជំហានបន្ទាប់គឺត្រូវរកចំណូលបន្ថែម ដូចជា ធ្វើការងារ Freelance Online លក់ទំនិញតាមអ៊ីនធឺណិត ឬរៀនជំនាញថ្មីៗ ដើម្បីបង្កើនតម្លៃខ្លួនឯង។ ពេលចំណូលកើន ការសន្សំ និងការវិនិយោគនឹងកាន់តែងាយស្រួល។
ដូច្នេះសម្រាប់ប្រាក់ខែ 300$ មិនមែនជាឧបសគ្គធំទេ បញ្ហាធំបំផុតគឺការខ្វះវិន័យក្នុងការចែកចាយលុយ។ ប្រសិនបើយើងអនុវត្តគោលការណ៍សន្សំមុន ចាយក្រោយ បែងចែកចំណាយជាក្រុមឱ្យច្បាស់លាស់ កាត់បន្ថយទម្លាប់ចាយខ្ជះខ្ជាយ និងព្យាយាមបង្កើនចំណូលបន្ថែម នោះក្នុងរយៈពេលប៉ុន្មានខែ យើងនឹងចាប់ផ្តើមមានប្រាក់សល់ និងមានអនាគតហិរញ្ញវត្ថុល្អជាងមុន៕


