មន្រ្តីរដ្ឋាភិបាលរបស់រុស្ស៊ីត្រូវបានហាមប្រើប្រាស់ទូរស័ព្ទiPhone នៅក្នុងប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣នេះតទៅក្រោមហេតុផលថាiPhone របស់អាមេរិកអាចជាឧបករណ៍ក្នុងការHackយកទិន្នន័យផ្សេងៗរបស់រដ្ឋាភិបាលរុស្ស៊ី។
បើយោងតាមការចុះផ្សាយរបស់ Financial Times បានឲ្យដឹងថាចាប់ពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣នេះតទៅបុគ្គលិកនៃក្រសួងពាណិជ្ជកម្មរបស់រុស្ស៊ីមិនត្រូវប្រើប្រាស់iPhone ជាដាច់ខាតជាពិសេសប្រើប្រាស់iPhone ទាក់ទងនឹងការងាររេដ្ឋាភិបាលជាដើម។
តាមពិតទៅកាលពីខែមីនាឆ្នាំ២០២៣រដ្ឋាបាលក្រុង Kremlin នៃប្រទេសរុស្ស៊ីបានប្រាប់មន្រ្តីទាំងអស់ឲ្យឈប់ប្រើប្រាស់iPhone ជាបន្ទាន់ដោយសារមានការព្រួយបារម្ភថាពួកគាត់អាចងាយត្រូវបានអាមេរិកលួចយកទន្នន័យ(Hack)។ ចំណែកកាលពីខែមិថុនាឆ្នាំ២០២៣នេះរុស្ស៊ីក៏បានចោទប្រកាន់ថាក្រុមហ៊ុន Apple បានធ្វើការជាមួយភ្នាក់ងារឆ្លាតវៃក្នុងគោលបំណងមិនល្អ។
បើទោះបីជារុស្ស៊ីបានចោទប្រកាន់Apple ថាមានបំណងមិនល្អក្នុងន័យលួចទិន្នន័យពីមន្រ្តីរដ្ឋាភិបាលរុស្ស៊ីក៏ដោយក៏រុស្ស៊ីមិនទាន់មានភស្ដុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ឡើយ ហើយApple ខ្លួនឯងផ្ទាល់ក៏បានប្រកាសពីការធ្វើបច្ចុប្បន្នភាព( Update) IOS Software របស់ខ្លួននៅទីក្រុងមូស្កូប្រទេសរុស្ស៊ីផងដែរ។
គួរបញ្ជាក់ផងដែរថាការហាមមិនឲ្យមន្ត្រីរដ្ឋាភិបាលប្រើប្រាស់iPhone នេះមិនមានជះឥទ្ធិពលទៅដល់អ្នកប្រើប្រាស់ទូទៅនៅប្រទេសរុស្ស៊ីឡើយ។ ជុំវិញiPhone នៅប្រទេសរុស្ស៊ី ក្រុមហ៊ុនApple បានដកខ្លួនឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅប្រទេសនេះចាប់តាំងពីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្ដើមកើតឡើង។ យ៉ាងណាមិញផលិតផលរបស់Apple ត្រូវបានក្រុមហ៊ុនក្នុងស្រុកនាំចូលទៅចែកចាយជាធម្មតា៕


