ឡានគឺជារបស់ដ៏ពេញនិយមសម្រាប់មនុស្សព្រោះវាជាមធ្យោបាយធ្វើដំណើរក៏ពេញនិយមមួយដែលមនុស្សត្រូវការជាពិសេសអ្នកដែលមានគ្រួសារនិងមានកូនតែងតែចង់បានឡានមួយសម្រាប់ធ្វើដំណើរទៅទីជិតឆ្ងាយជាមួយក្រុមគ្រួសារ។
ទាក់ទងនឹងឡាននេះដែរ សម្រាប់អ្នកដែលមិនទាន់មានលុយគ្រប់ក្នុងការទិញឡានពួកគាត់អាចជ្រើសរើសការទិញតាមរយៈការបង់រំលស់។ ជុំវិញការបង់រំលស់ថ្ងៃនេះ Busines Cambodia សូមណែនាំក្បួនបង់រំលស់ឡាន20/4/10 ដែលជាក្បួនបង់រំលស់ឡានឆ្លាតវៃហើយចៀសវាងបញ្ហាលុយកាក់។ រូបមន្តបង់រំលស់ឡាន20/4/10 ត្រូវបានអនុវត្តដូចខាងក្រោមនេះ។
១. ត្រូវមានលុយសន្សំ២០%នៃតម្លៃឡាន
តួលេខ២០ត្រង់នេះគឺមានន័យអ្នកគួរប្រាក់កក់ឬប្រាក់សន្សំចំនួន២០%នៃតម្លៃឡានដែលអ្នកចង់ទិញ។ ឧទាហរណ៍បើអ្នកចង់ទិញឡានមួយគ្រឿងតម្លៃ២៥,០០០ដុល្លារ អ្នកគួរមានប្រាក់សន្សំចំនួន៥ពាន់ដុល្លារ។ ត្រង់នេះវាមុនខុសពីការបង់រំលស់ផ្ទះនោះទេដោយគេទាមទារប្រាក់សន្សំ២០%នៃតម្លៃផ្ទះ។ ការមានប្រាក់សន្សំនេះគឺដើម្បីកុំឲ្យអ្នកបងប្រចាំខែច្រើនពេកហើយបង់ការប្រាក់អស់ច្រើន។
២. បង់រំលស់ត្រឹមតែ៤ឆ្នាំ
តួលេខ៤គឺមានន័យថាអ្នកគួរជ្រើសរើសរយៈពេលបង់រំលស់ត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ។ ការបង់រំលស់ឡានអ្នកគួរយករយៈពេលបង់រំលស់ត្រឹម៤ឆ្នាំឬតិចជាងនេះកាន់តែល្អព្រោះកាលណាអ្នកជ្រើសរើសរយៈពេលបង់រំលស់រយៈពេលវែងអ្នកនឹងត្រូវចំណាយលើការប្រាក់អស់ច្រើន។ ដូច្នេះបើអ្នកបង់រំលស់ឡានបានឆាប់អ្នកនឹងអាចសន្សំលុយបានច្រើនសម្រាប់តម្រូវការចាំបាច់ផ្សេងៗទៀត។
៣. បង់ប្រចាំខែត្រឹម១០%នៃចំណូលប្រាំខែសរុប
តួលេខ១០គឺមានន័យថាការបង់រំលស់ឡានប្រចាំខែទាំងការនិងដើម មិនគួរលើសពី១០%នៃចំណូលប្រចាំខែសរុបរបស់អ្នកឡើយ។ ឧទាហរណ៍បើអ្នកមានចំណូល១,២០០ដុល្លារក្នុងមួយខែ នោះការបង់ប្រចាំខែទៅលើការបង់រំលស់ឡានគួរតែ១២០ដុល្លារបានហើយ។
គួរបញ្ជាក់ផងដែរថាក្បួនបង់រំលស់ឡាន20/4/10 គឺជាក្បួនមួយដែលគេប្រើដើម្បីទិញឡានបង់រំលស់ឲ្យសមស្របតាមលទ្ធភាព ចៀសវាងបង់រំលស់លើសពីលទ្ធភាពដែលធ្វើឲ្យអ្នករងសម្ពាធនៃលុយកាក់ ហើយបាត់ឱកាសក្នុងការសន្សំលុយនិងវិនិយោគលុយរបស់អ្នក៕