ការស្រឡាញ់កូនហួសហេតុ ទម្រើសកូនជ្រុល រហូតដល់មិនហ៊ានដាក់វិន័យ អាចក្លាយជាការសម្លាប់អនាគតកូនដោយប្រយោល។ ដើម្បីឱ្យកូនក្លាយជាមនុស្សដែលមានទំនួលខុសត្រូវ និងអនាគតល្អ ឪពុកម្តាយគួរហ៊ានអនុវត្តធម៌ក្តៅទាំង ៣ ខាងក្រោមនេះ យោងតាម ការណែនាំស្តីពីការប្រើវិន័យវិជ្ជមាន និងការកំណត់ព្រំដែនសម្រាប់កុមារ (AAP)៖
១/. បង្រៀនឱ្យស្គាល់ពាក្យថា “ទេ” និងការខកបំណង៖ មាតាបិតាភាគច្រើនតែងចង់ផ្តល់អ្វីៗគ្រប់យ៉ាងតាមការចង់បានរបស់កូន។ ប៉ុន្តែ ធម៌ក្តៅទីមួយគឺត្រូវ ហ៊ានបដិសេធ។ ការឱ្យកូនស្គាល់ពាក្យថា "ទេ" ឬ "មិនបាន" ជួយឱ្យពួកគេរៀនគ្រប់គ្រងអារម្មណ៍ខកបំណង និងយល់ថា ក្នុងលោកនេះមិនមែនគ្រប់យ៉ាងសុទ្ធតែអាចសម្រេចបានតាមចិត្តចង់នោះទេ។ ការធ្វើបែបនេះ នឹងជួយឱ្យកូនមានភាពរឹងប៉ឹង នៅពេលប្រឈមមុខនឹងបញ្ហាក្នុងសង្គមនាពេលអនាគត។
២/. ហ៊ានឱ្យកូនទទួលខុសត្រូវលើកំហុសដោយខ្លួនឯង៖ នៅពេលកូនធ្វើខុស ឪពុកម្តាយមិនត្រូវចេញមុខដោះស្រាយជំនួស ឬការពារកំហុសកូនជានិច្ចនោះទេ។ វិធានការតឹងរឹងនៅទីនេះ គឺការទុកឱ្យកូនប្រឈមមុខនឹងផលវិបាក នៃសកម្មភាពរបស់ពួកគេ។ ឧទាហរណ៍ បើកូនមិនព្រមរៀបចំកាបូបរៀន ត្រូវឱ្យគេប្រឈមនឹងការខ្វះសម្ភារៈប្រើប្រាស់នៅសាលា។ ការរៀនតាមរយៈភាពឈឺចាប់បន្តិចបន្តួច ឬការបាត់បង់អត្ថប្រយោជន៍ណាមួយ គឺជាមេរៀនដែលចងចាំបានល្អជាងការស្តីបន្ទោសរាប់ពាន់ម៉ាត់។
៣/. បង្កើតវិន័យដែកក្នុងគ្រួសារ៖ សេរីភាពដែលគ្មានដែនកំណត់ គឺជាគ្រោះថ្នាក់សម្រាប់ក្មេង។ ឪពុកម្តាយត្រូវកំណត់វិន័យឱ្យបានច្បាស់លាស់ ជាពិសេសលើការប្រើប្រាស់បច្ចេកវិទ្យា ពេលវេលាចូលគេង និងការសិក្សា។ ធម៌ក្តៅនៅត្រង់នេះ គឺការរក្សាគោលជំហរ ទោះបីជាកូនយំទារ ឬខឹងក៏ដោយ។ វិន័យដែលតឹងរឹង ប៉ុន្តែមានភាពយុត្តិធម៌ នឹងជួយបណ្តុះទម្លាប់រៀបរយ និងការគោរពពេលវេលាដល់កូនៗ។
យ៉ាងណាមិញ ការប្រើធម៌ក្តៅ ពុំមែនមានន័យថាជាការប្រើអំពើហិង្សានោះទេ ប៉ុន្តែគឺជាការប្រើ អំណាចមាតាបិតាដោយក្តីស្រឡាញ់និងមេត្តា ដើម្បីកំណត់ព្រំដែន និងបណ្តុះវិន័យដល់កូនៗ។ កូនដែលធំដឹងក្តីក្នុងវិន័យច្បាស់លាស់ នឹងមានឱកាសជោគជ័យខ្ពស់ជាងកូនដែលរស់នៅតាមទំនើងចិត្ត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



