ក្រុមហ៊ុន Royal Group របស់អ្នក​ឧកញ៉ា គិត ម៉េង ប្រកាស​​បង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ថ្មីលើដី ១២០ ហិកតា
Bunthoeun KoemAPRIL 1 202412.5 K views

ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា​ គិត ម៉េង បានប្រកាសពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីលើផ្ទៃដី ១២០ ហិកតា នៅភូមិសាស្ដ្រខេត្ដកណ្ដាល ខណៈតំបន់សេដ្ឋកិច្ចថ្មីនេះរំពឹងនឹងបង្កើតឱកាសការងារជាច្រើនជូនប្រជាជនកម្ពុជាផងដែរ។ នេះយើងយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Royal Group Phnom Penh SEZ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុនមហ៊ុន Royal Group កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ 

434357637 941196258012628 6561275223574642087 N

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានបញ្ជាក់ថា បច្ចុប្បន្ននេះយើងកំពុងដំណើរការស្នើសុំបង្កើត តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្ដាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) ដែលលាត់សន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ ហិកតា និងតភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល គ្រុប ភ្នំពេញ ដោយស្ពានថ្មីមួយឆ្លងកាត់ស្ទឹងព្រែកត្នោត ដែលយើងបានសាងសង់រួចតាំងពីឆ្នាំ ២០២២។

434108962 941196254679295 6485823845998435576 N

យើងបានចាប់ដំណើរការចាក់ដីបំពេញ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោល អាចត្រូវបញ្ចប់ ដើម្បីទទួលស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុងឆ្នាំនេះដែរ។ ដោយសារតម្រូវការទីតាំងវិនិយោគមានការកើនឡើង ដីទំហំប្រមាណ ១០០ ហិកតាត្រូវបានកក់ទុករួចទៅហើយ ដោយក្រុមហ៊ុនមួយដែលកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ នៅពេលដំណើរការផលិតពេញលេញ ក្រុមហ៊ុននេះនឹងបង្កើតឱកាសការងារប្រមាណ ២ ម៉ឺននាក់បន្ថែមទៀតដល់ប្រជាជនខ្មែរ។

434350592 941196468012607 2643613764679534003 N

សូមជម្រាបថា នេះតំបន់សេដ្ឋកិច្ចពិសេសទី២ ហើយរបស់ក្រុមហ៊ុន រ៉ូយ៉ាល គ្រុប បន្ទាប់ពីតំបន់សេដ្ឋកិច្ចទី១ រ៉ូយ៉ាលគ្រុបភ្នំពេញដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៦ មក ដែលបច្ចុប្បន្នតំបន់ឧស្សាហកម្មនេះមានក្រុមហ៊ុនជាច្រើនកំពុងដំណើរការរួមមាន៖ ក្រុមហ៊ុនកម្មន្ដសាលចំនួន ៨៥ ក្រុមហ៊ុន និងក្រុមហ៊ុនមិនមែនកម្មន្ដសាលចំនួន ២៩ ក្រុមហ៊ុន ខណៈបានផ្ដល់ឱកាសការងារជូនដល់ប្រជាជនខ្មែរជាង ៤ ម៉ឺននាក់៕

434275260 941196368012617 1639343055073070619 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia