គម្រោងសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិរាវ អានុភាព ៩០០ មេហ្គាវ៉ាត់ និងមានតម្លៃជាង ១ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង គ្រោងនឹងដាក់ឲ្យដំណើរការផលិត និងផ្គត់ផ្គង់ថាមពលជាដំណាក់កាល ចាប់ពីចុងឆ្នាំ ២០២៦ និងបន្ដទៅដើមឆ្នាំ ២០២៧ ខាងមុខនេះហើយ ក្រោយគម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៤ កន្លងទៅ។

គម្រោងរោងចក្រផលិតអគ្គិសនីខាងលើនេះ មានទីតាំងស្ថិតនៅក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង គឺជាគម្រោងថាមពលខ្នាតធំមួយ ដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍអគ្គិសនីស្អាតរបស់ប្រទេសកម្ពុជា។ តាមផែនការដែលបានលើកឡើង រោងចក្រនេះនឹងមានសមត្ថភាពផលិតអគ្គិសនីរហូតដល់ ៩០០ មេហ្គាវ៉ាត់ ដែលអាចរួមចំណែកបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនីពីបរទេស និងគាំទ្រដល់តម្រូវការប្រើប្រាស់ថាមពលដែលកំពុងកើនឡើង។
ជាពិសេស ការមានប្រភពផលិតអគ្គិសនីដែលអាចដំណើរការបានជាប្រចាំ នឹងជួយបំពេញបន្ថែមដល់ប្រភពថាមពលផ្សេងៗ រួមទាំងវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ ដើម្បីពង្រឹងស្ថិរភាពនៃប្រព័ន្ធអគ្គិសនីជាតិ។




