នៅពេលដែលគេនិយាយអំពីសំណង់អគារទំនើបគេមិនដែលរំលងទេនូវអគារដ៏ខ្ពស់សន្លឹម ឈរបង្អួតរាងចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ គឺសណ្ឋាគារផ្កាយប្រាំ RoseWood ដែលជាសាខាសណ្ឋាគារមួយរបស់ហុងកុង កំពុងប្រតិបត្តិការនៅកម្ពុជា ក្រោមក្រុមហ៊ុនបុត្រសម័្ពន្ធខ្មែរដ៏មានកិត្យានុភាពគឺ Vattanac Group ។
នាពេលបច្ចុប្បន្ន យីហោសណ្ឋាគារដ៏ប្រណិតនិងល្បីល្បាញ RoseWood Hotel Group ដែលកំពុងរកស៊ីនៅ១៩ប្រទេស កំពុងគ្រប់គ្រងដោយ CEO ស្រ្តីវ័យ៤៣ឆ្នាំគឺ អ្នកនាង Sonia Cheng(郑志雯)ដែលនាងជាកូនស្រីសេដ្ឋីហុងកុង ដ៏ល្បីឈ្មោះគឺលោក Henry Cheng។
អ្នកនាង Sonia Cheng កើតនៅឆ្នាំ ១៩៨០ គឺជាកូនទីពីររបស់លោក Henry Cheng មហាសេដ្ឋីប្រាក់លានអភិវឌ្ឍន៍អចលនទ្រព្យនៅហុងកុង ហើយអ្នកនាង Cheng បានទទួលការអប់រំពីសាលា St. Pauls’ Co-educational នៅហុងកុងនិង សាកលវិទ្យាល័យនៅអាមេរិក Harvard ដោយអ្នកនាង Cheng បានទទួលបានបរិញ្ញាបត្រផ្នែកសិល្បៈ ទាក់ទងនឹគណិតវិទ្យាប្រើប្រាស់ក្នុងសិល្បៈនិងសេដ្ឋកិច្ច។
នៅក្នុងឆ្នាំ២០០៨ អ្នកនាង Sonia Cheng ក៏បានឡើងកាន់តំណែងជា CEO ដើម្បីជួយគ្រប់គ្រងមុខជំនួញរបស់ឪពុកគឺ Rosewood Hotel Group ដែលជាបណ្ដុំអាជីវកម្មសណ្ឋាគារប្រមាណ ៤០សាខាកំពុងប្រតិបត្តិការនៅ១៩ប្រទេស ទាំងនៅតំបន់ទ្វីបអាមេរិក អាស៊ី អឺរ៉ុបនិងមជ្ឈិមបូព៌ា។
លើសពីនេះអ្នកនាង Sonia Cheng ក៏ជាអនុប្រធានមិនប្រតិបត្តិនៃក្រុមហ៊ុន Chow Tai Fook Jewellery Group ដែលជាក្រុមហ៊ុនចាស់វស្សាលើគ្រឿងអលង្ការមាស និងប្លាទីន បានរកស៊ីជាង៨០ឆ្នាំនៅហុងកុង តាំងពីជំនាន់ជីតាគឺមហាសេដ្ឋីលោក Cheng Yu-tung។
ក្នុងឆ្នាំ២០១៨ អ្នកនាង Sonia Cheng ត្រូវបានជាប់ជាស្រ្តីឆ្នើមរបស់ Fortune 40 Under 40 និងជាប់ជាស្ត្រីជំនួញដ៏មានឥទ្ធិពលទាំង៥០រូបនៅអាស៊ីក្នុងឆ្នាំ ២០១៦។ យ៉ាងណាមិញចំពោះជីវិតឯកជនអ្នកនាង Sonia Cheng បានរៀបការរួចហើយនិងមានកូនចំនួន៤នាក់។
សម្រាប់មេរៀនដឹកនាំនិងគន្លឹះគ្រប់គ្រងសណ្ឋាគារ ដែលឪពុកសេដ្ឋីរបស់អ្នកនាងធ្លាប់បានបង្រៀនគឺការវិនិយោគលើមនុស្សឱ្យត្រឹមត្រូវ ដោយឪពុកអ្នកនាងបានបង្រៀនយ៉ាងដូច្នេះថា "ទោះបីជាការរៀបចំស្អាតនិងប្រណិតយ៉ាងណា ការផ្សព្វផ្សាយខ្លាំងឬយុទ្ធសាស្ត្រទីផ្សារល្អយ៉ាងណា ប្រសិនបើគ្មានមនុស្សដែលត្រឹមត្រូវសម្រាប់ធ្វើការជាមួយកូនទេ នោះកូននឹងមិនអាចសម្រេចភាពជោគជ័យរឹងមាំនោះឡើយ"៕
Rosewood Hotel In Hong Kong
អត្ថបទដោយ៖ ពីង ជូអេង