លោក លឹម ហូលីវីន អគ្គនាយកក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក (RoseMarvel Property Development Co., Ltd) និងជាអគ្គនាយករងក្រុមហ៊ុន កូហ្សេតែល អិលធីឌី (ONLINE ISP) ហើយត្រូវជាកូនប្រុសរបស់លោកឧកញ៉ា លឹម រស់ និងលោកជំទាវឧកញ៉ា សុទ្ធី ម៉ូនីកា មានសទ្ធាជ្រះថ្លា បានបរិច្ឆាគថវិកាផ្ទាល់ខ្លួនចំនួន ៥៥,០២៩,៤០០រៀល (ហាសិបប្រាំលានពីរម៉ឺនប្រាំបួនពាន់បួនរយរៀល) ដើម្បីទិញសៀវភៅអានជាភាសាខ្មែរចំនួន ២,៧០០ក្បាលពីគ្រឹះស្ថានបោះពុម្ពផ្សាយម៉ាញប៊ុក្ស ដែល ១,១០០ក្បាលបានផ្តល់ជូនចំពោះសិស្សានុសិស្ស ៣៦៧នាក់ ដែលរៀននៅ ៣ វិទ្យាល័យ គឺ វិទ្យាល័យជាស៊ីមសាមគ្គី វិទ្យាល័យទួលទំពូង និងវិទ្យាល័យឥន្រ្ទទេវី។
សៀវភៅចំនួន ១៦០០ ក្បាលទៀតផ្តល់ជូនចំពោះបណ្ណាល័យចំនួន ១១ គឺ បណ្ណាល័យអង្គការដើម្បីភាពញញឹមនៃកុមារ បណ្ណាល័យអង្គការផ្កាយសមុទ្រ បណ្ណាល័យអង្គការគ្រួសារថ្មី បណ្ណាល័យអង្គការភូមិកុមារ SOS បណ្ណាល័យមណ្ឌលកុមារភ្នំពេញថ្មី បណ្ណាល័យវិទ្យាល័យជាស៊ីមសាមគ្គី បណ្ណាល័យវិទ្យាល័យទួលទំពូង បណ្ណាល័យវិទ្យាល័យឥន្រ្ទទេវី និងបណ្ណាល័យវត្តចំនួន ៣ គឺវត្តនាគវ័ន វត្តមហាមន្រ្តី និងវត្តសំពៅមាស។
សទ្ធាដ៏ជ្រះថ្លាមួយនេះ គឺដើម្បីឲ្យប្អូនៗកុមារ សិស្សានុសិស្ស និងព្រះសង្ឃគង់នៅវត្ត អាចធ្វើការអាន ដើម្បីក្រេបជញ្ជក់យកចំណេះដឹងសម្រាប់អភិវឌ្ឍន៍សមត្ថភាពក្នុងការជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិយើង។ ពិធីចែកអំណោយនេះ បានប្រារព្វធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩.៤៥នាទី ដល់ម៉ោង១១.១៥នាទី និងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨.៤៥នាទី ដល់ម៉ោង១០.៣០នាទី នាជាន់ផ្ទាល់ដីផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។


