ឪខ្លា កូនខ្លា! ធ្លាប់តែល្បីរឿងកូនស្រី ឥឡូវមកស្គាល់កូនប្រុសបណ្តូលចិត្តតែមួយគត់របស់មហាសេដ្ឋី Bill Gates ក្រៅពីរូបសង្ហា នៅមានសមត្ថភាពមិនធម្មតា ប្រើជីវិតរស់នៅជាកូនអភិជន និងមានក្រឹតក្រមតាំងពីវ័យក្មេងមកម្ល៉េះ។
Rory Gates ដែលជាតំណក់ឈាមកូនប្រុសតែមួយគត់របស់លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft ជាមួយអតីតភរិយាអ្នកស្រី Melinda កើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៩ នាទីក្រុង Seattle និងធំធាត់ឡើងក្នុងវិមានដ៏ធំស្កឹមស្កៃមួយឈ្មោះ Xanadu 2.0 តម្លៃ ១៥០លានដុល្លារ ជាមួយបងប្អូនស្រីបង្កើតពីរនាក់គឺ Jennifer មានអាយុច្រើនជាងគាត់បីឆ្នាំ និង Phoebe ក្មេងជាងបីឆ្នាំ។
បើទោះមាននាមជាកូនមហាសេដ្ឋីមែនពិត ប៉ុន្តែ Rory ត្រូវបានចិញ្ចឹមបីបាច់យ៉ាងតឹងរឹង ត្បិតឪពុកម្តាយមិនអនុញ្ញាតឲ្យលេងទូរស័ព្ទជាដាច់ខាតរហូតដល់អាយុ១៤ឆ្នាំ និងត្រូវលាងចានរៀងរាល់យប់ដោយខ្លួនឯង។ សូម្បីឈានចូលដល់វ័យអាចមានទូរស័ព្ទផ្ទាល់ខ្លួនក្តី ក៏បងប្អូនទាំងបីនាក់នេះ ត្រូវបានកំណត់ម៉ោងច្បាស់លាស់ក្នុងការប្រើ និងហាមឃាត់ពេលញ៉ាំអាហារជុំគ្នា។ ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Rolling Stone លោក Bill Gates បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងចិញ្ចឹមកូនតាមរបៀបសាសនា។ ពួកគេបានទៅព្រះវិហារកាតូលិក ដែល Melinda ភរិយារបស់ខ្ញុំទៅ ហើយខ្ញុំក៏ចូលរួមផងដែរ»។
ងាយមកមើលប្រវត្តិសិក្សាវិញ Rory បានចូលរៀននៅសាលាឯកជន Lakeside School ដែលមានកេរ្តិ៍ឈ្មោះល្បីបំផុតមួយក្នុងទីក្រុង Seattle រដ្ឋ Washington និងបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មកម្មវិធីកុំព្យូទ័រ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Duke។ មិនចប់ត្រឹមប៉ុននេះ យុវជនមានអនាគតភ្លឺស្វាង Rory បានឈានជើងចូលក្នុងសាលា Fuqua School of Business ជាកន្លែងដែលគាត់ទទួលបានសញ្ញាបត្រ MBA ដើរតាមគន្លងការអប់រំរបស់ម្ដាយគាត់។
យ៉ាងណាមិញ កំលោះវ័យ២៤ឆ្នាំ Rory Gates ត្រូវបានគេជឿថាបច្ចុប្បន្នកំពុងបន្តការសិក្សានៅសាលាច្បាប់ក្នុងសាកលវិទ្យាល័យ Chicago។ យោងតាមកាសែត The Chicago Tribune លោក Bill Gates និងអ្នកស្រី Melinda បានទិញផ្ទះមួយខ្នង មាន៥បន្ទប់គេងតម្លៃ ១.២៥លានដុល្លារអាមេរិក នៅសង្កាត់ South Side Hyde Park នៃទីក្រុង Chicago ក្នុងឆ្នាំ២០១៨ សម្រាប់ឲ្យកូនប្រុសបណ្តូលចិត្តរស់នៅម្នាក់ឯង។ ខណៈពេលដែលលោក Bill Gates ត្រូវបានគេរាយការណ៍ថាគ្រោងនឹងផ្តល់មរតកតិចតួចដល់កូនទាំងបីនាក់ ដោយប្រាប់ The Daily Mail ក្នុងឆ្នាំ២០១១ យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងទុកចំណែកតិចតួចបំផុតនៃទ្រព្យសម្បត្តិសម្រាប់កូនៗរបស់ខ្ញុំ»។
គួរជម្រាបផងដែរថា Rory Gates ជាមនុស្សម្នាក់មានឯកជនភាពខ្ពស់ចំពោះគណនីប្រព័ន្ធផ្សព្វផ្សាយ មានចំណូលចិត្តឈ្លក់វង្វេងនឹងល្បែងផ្គុំរូប រួមទាំងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយម្តាយ។ លើសពីនេះ គាត់ត្រូវបានគេចាត់ទុកថាជាតំណក់ឈាមតែមួយគត់ក្នុងត្រកូល Gates ដែលអាចបន្តវេនពីលោក Bill Gates ជាឪពុក ហើយអាចក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft ក្នុងថ្ងៃណាមួយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦