លុយក្បែរខ្លួន! កុំទុកទីធ្លាលើដំបូលផ្ទះចោល សាកដាំបន្លែប្រភេទនេះ ស្រួលដាំ បានទាំងហូប បានទាំងលក់
Chan SophonAUGUST 26 2026247 views

ការកែប្រែដំបូលផ្ទះខាងលើដែលទំនេរ ឲ្យទៅជាសួនបន្លែបៃតង គឺជាគំនិតដ៏ល្អមួយ។ ក្រៅពីបានបន្លែធម្មជាតិ គ្មានគីមី សម្រាប់ហូបក្នុងគ្រួសារ វាថែមទាំងជួយកាត់បន្ថយកម្ដៅផ្ទះ និងអាចច្រកថង់លក់ឲ្យអ្នកជិតខាង ឬតាមអនឡាញដើម្បី បង្កើតប្រភពចំណូលបន្ថែមបានថែមទៀតផង។ ខាងក្រោមនេះជា ប្រភេទបន្លែ ៤ យ៉ាង ដែលងាយស្រួលដាំលើដំបូលផ្ទះ ឆាប់បានផល និងមានតម្រូវការទីផ្សារខ្ពស់៖

 

១.ដាំ ត្រកួន ស្ពៃចិន ឬស្ពៃខៀវ (ឆាប់បានផល)៖ ប៉ុន្មានមុខនេះ ជាបន្លែដែលប្រជាជនកម្ពុជាហូបប្រចាំថ្ងៃ ឆាប់ប្រមូលផល (បើត្រកួន ប្រើពេលតែ ២០-២៥ ថ្ងៃ ប៉ុណ្ណោះ) និងមិនរើសប្រភេទដីឡើយ។ សម្រាប់បច្ចេកទេសដាំលើដំបូល បងប្អូនអាចដាំក្នុងធុងស្នោ ធុងប្លាស្ទិក ឬចានដែកចាស់ៗ។ ដោយព្យាយាមស្វែងរកដីដែលមានជីវជាតិល្អ (បងប្អូនអាចទៅទិញតាមកន្លែងគេលក់កូនឈើ ឬផ្កា) យកមកដាំ ទើបបានផលល្អ។ សម្រាប់ឱកាសរកចំណូល អាចលក់ជា បន្លែសរីរាង្គច្រកថង់ ១គីឡូ ឬកន្លះគីឡូ ជូនអ្នកជិតខាង ឬអ្នកធ្វើការជាមួយគ្នាបាន ព្រោះមនុស្សបច្ចុប្បន្នខ្លាចបន្លែមានគីមី ដូច្នេះ គេច្បាស់ជាជួយទិញបន្លែធម្មជាតិពីអ្នក ព្រោះទុកចិត្តគ្នា។

 

២.ដាំមើមឆៃថាវ (ពណ៌ស ឬក្រហម)៖ បន្លែប្រភេទនេះ ប្រើពេលដាំខ្លី (ប្រហែល ៣០-៤០ ថ្ងៃ) មិនស៊ីផ្ទៃដីធំ ហើយដើម និងមើមមានរូបរាងស្អាត ងាយស្រួលថែទាំ។ បច្ចេកទេសដាំ ត្រូវការដីធូរ (ដីខ្សាច់លាយជីកំប៉ុស) និងជម្រៅធុងប្រហែល ២-៣ តឹក ដើម្បីឲ្យមើមលូតលាស់បានល្អ។ សម្រាប់ឆៃថាវក្រហម (Red Radish) មានតម្លៃថ្លៃជាងបន្លែធម្មតានៅតាមទីផ្សារ និងពេញនិយមសម្រាប់អ្នកញ៉ាំបែបសាឡាត់ (Salad)

 

៣.ដាំ ម្ទេស (ម្ទេសដៃនាង ឬម្ទេសខៀវ ឬក្រហម)៖ ម្ទេសជាគ្រឿងទេសដែលខ្វះមិនបានក្នុងម្ហូបខ្មែរ ហើយដើមម្ទេសមួយដើមអាចបេះផ្លែបានច្រើនដង និងយូរអង្វែង។ បច្ចេកទេសដាំលើដំបូល គ្រាន់តែដាំក្នុងថង់ដាំរុក្ខជាតិ ឬធុងចាស់ៗ ក៏អាចទទួលផលបានដែរ។ ម្ទេសចូលចិត្តពន្លឺថ្ងៃខ្លាំង ដូច្នេះដំបូលផ្ទះជាទីតាំងល្អបំផុត រីឯឱកាសរកចំណូលក៏ងាយស្រួល ព្រោះតម្លៃម្ទេសនៅលើទីផ្សារតែងតែឡើងថ្លៃខ្លាំងនៅរដូវភ្លៀង ឬបុណ្យទាន។ អ្នកអាចលក់ផ្លែស្រស់ ឬកែច្នៃធ្វើជាម្ទេសបុក ឬម្ទេសឆា រកចំណូលបានកាន់តែច្រើន។

 

៤.ដាំជីគ្រប់ប្រភេទ (ខ្ទឹមស្លឹក ជីរណា ជីអង្កាម ស្លឹកគ្រៃ ឬស្លឹកបាស)៖ ជីជាប្រភេទបន្លែដែលទិញពីផ្សារមកឆាប់ស្អុយរលួយ ប៉ុន្តែបើដាំខ្លួនឯង គឺបេះប្រើតាមតម្រូវការ។ ជីរណា និងជីអង្កាម ងាយស្រួលដាំតាមរយៈការកាត់ដើមដោត។ បច្ចេកទេសដាំដុះវា ត្រូវប្រើប្រអប់ផ្លាស្ទិកវែងៗ ឬកាត់ដបទឹកបរិសុទ្ធធំៗធ្វើជាថូ រួចដាក់ដីដាំ។ ឱកាសរកចំណូល៖ ហាងលក់ហ្វើ ហាងលក់បាយ ឬហាងសាច់អាំង តែងតែត្រូវការជីស្រស់ៗជានិច្ច។ អ្នកអាចទាក់ទងលក់ដុំឲ្យពួកគេជាប្រចាំបាន។

 

គួរបន្ថែមផងដែរ អំពីគន្លឹះបច្ចេកទេសដាំបន្លែលើដំបូលផ្ទះឲ្យជោគជ័យ ត្រូវពិនិត្យកម្លាំងទ្រទ្រង់នៃដំបូល  ប្រើប្រាស់ធុងស្នោ ថង់ដាំ ឬចានដែកប្លាស្ទិក ជំនួសឲ្យថូស៊ីម៉ង់ត៍ ដើម្បីកាត់បន្ថយទម្ងន់លើដំបូល។ ហើយប្រព័ន្ធការពារជប់ទឹក ត្រូវប្រាកដថា បាតធុងមានរន្ធបង្ហូរទឹកត្រឹមត្រូវ និងមានជើងទម្រទ្រកម្ពស់ ដើម្បីកុំឲ្យទឹកជ្រាបប្រឡាក់ ឬខូចការ៉ូដំបូលផ្ទះ។ នៅលើដំបូលមានកម្តៅថ្ងៃខ្លាំង ដីឆាប់ស្ងួត ដូច្នេះ គួរស្រោចទឹកនៅ ព្រឹកព្រលឹម និងល្ងាចត្រជាក់ ឬ ត បណ្តាញទុយោស្រោចទឹកស្វ័យប្រវត្តិតូចមួយ ដើម្បីកាត់បន្ថយកម្លាំងរបស់អ្នក។ ចំពោះជីធម្មជាតិ គួរយកកាកសំណល់ផ្ទះបាយ (សំបកផ្លែឈើ កាកកាហ្វេ ពោះវៀនត្រី) មកធ្វើជាជីកំប៉ុសបំប៉នដី ដោយមិនបាច់ចំណាយប្រាក់ទិញជីគីមី៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia