បច្ចុប្បន្ននេះអ្នកលក់ជាច្រើនកំពុងតែរអ៊ូរឿងពិបាករកភ្ញៀវ មិនមានអ្នកចូលទិញ បើកហាងចោលគ្មានអ្នកណាដើរចូល ទាំងដែរខ្លួនមិនព្រមរកវិធីសាស្រ្តថ្មីៗ ដើម្បីទាញភ្ញៀវមកវិញ។ យ៉ាងណាមិញបើក្រឡែកមកមើលម្ចាស់ហាង រំយោល ហ្គាឌិន វិញបែរជាអាចទាញភ្ញៀវចូលហាងពេញៗ រកកន្លែងអង្គុយគ្មានរាល់ថ្ងៃទៅវិញ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹង Business Cambodia អ្នកស្រី សុគន្ធឌី បានលើកឡើងថា “ ធ្វើអ្វីក៏ដោយត្រូវមានផែនការច្បាស់លាល់ ត្រូវទុកផ្លូវក្រោយឲ្យខ្លួនឯង និងមានភាពច្នៃប្រឌិតថ្មី ហើយការរកស៊ីក៏ដូចគ្នា បើធ្វើបែបនេះភ្ញៀវមិនចូល រកវិញវិធីផ្សេងទៀត”។ អ្នកស្រីបានបន្តថា បើក្រឡេកមកមើលរំយោល ហ្គាឌិនវិញ គឺមានភ្ញៀវចូលពេញៗរាល់ថ្ងៃ ក៏ព្រោះតែការជឿកជាក់លើខ្លួនឯងនិងចេះប្រើវិធីសាស្រ្តថ្មីៗក្នុងការលក់ជានិច្ច”។ តាមការបញ្ជាក់របស់អ្នកស្រីយុទ្ធសាស្រ្តលក់របស់ រំយោលហ្គានឌិន មានចំនួន៣ ដែលធ្វើឲ្យភ្ញៀវចូលឥតដាច់ ដោយយុទ្ធសាស្រ្តទាំងនោះរួម៖
១. តម្លៃនិងសេវាកម្ម
ត្រង់ចំណុចនេះអ្នកស្រី សុគ្ធនឌី បានឱ្យដឹងថាសម្រាប់ រំយោល ហ្គាឌិន គឺគិតលើអតិថិជនជាចម្បង។ បើនិយាយចំពោះតម្លៃគឺសមរមដែលអតិថិជនអាចទទួលយកបាន។ យ៉ាងណាមិញតម្លៃនិងសេវាកម្មគឺដើរស្របគ្នាប្រសិនបើតម្លៃសមរមហើយតែសេវាកម្មមិនល្អក៏ពិកបាកណាស់ដែរ។ បើក្រឡេកមកមើលសេវាកម្មនៅ រំយោល ហ្គាឌិន វិញគឺតែងតែគិតគួរដល់ភ្ញៀវជានិច្ច នៅពេលចូលទៅអង្គុយក្នុងហាង ជាទូទៅ រំយោលហ្គាឌិន តែងតែម្ហូបបន្តិចបន្តួច( សណ្ដែកដី) ឱ្យភ្ញៀវញ៉ាំលេងមុនពេលម្ហូបដែលបានកម្ម៉ង់មកដល់ ធ្វើបែបនេះទើបធ្វើឱ្យភ្ញៀវមិនសូវមានអារម្មណ៍តានតឹងនៅពេលរង់ចាំម្ហូប។
២.បរិយាកាស
ទាក់ទងនិងបរិយាកាស អ្នកស្រី បានលើកឡើងថាបរិយាកាសគឺជាភាពទាក់ទាញយ៉ាងសំខាន់ ព្រោះថាមនុស្សភាគច្រើនគឺ ចូលចិត្តបរិយាកាសដែលមានពន្លឺគ្រប់គ្រាន់ ហើយមើលទៅស្រឡះភ្នែក។ ក្នុងនោះដែរចំពោះរំយោល ហ្គាឌិន គឺមានបរិយាកាសបែបស្រឡះភ្នែកមើលទៅមានពន្លឺគ្រប់គ្រាន អមជាមួយបរិយាកាសនៅទីក្រុង ដែលមានដើមឈើរតូចធំ ដែលធ្វើឱ្យបរិយាកាសនៅទីនោះមើលទៅមិនធុញថប់ ល្អបំផុតសម្រាប់អ្នកចូលចិត្តបរិយាកាសបែបនេះ។
៣. ជឿជាក់លើខ្លួនឯង
ចំពោះចំណុចចុងក្រោយនេះគឺជារឿងដែលម្ចាស់អាជីវកម្មគ្រប់រូបមិនអាចខ្វះបាន។ អ្នកស្រី សុគ្ធនឌី បានលើកឡើងថា បើចង់ឱ្យអាជីវកម្មមិនជួបហានិភ័យគឺត្រូវតែមានជំនឿលើខ្លួនឯង ។ មានន័យថារាល់អ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងហាងគឺត្រូវតែល្អ មិនថារស់ជាតិ គឺត្រូវតែសមស្របទៅតាមតម្រូវការអតិថិជន បរិយាកាសត្រូវប្រាកដថាស្អានមានអនាម័យ ហើយបុគ្គលិកវិញគឺរួសរាយរាក់ទាក់ផងដែរ។ ដោយសារតែចំមានណុចទាំងនេះហើយទើបធ្វើឱ្យអតិថិជនដែលបានដែលបានទៅហើយចង់ទៅម្ដងទៀត។
សូមជម្រាបផងដែរថាមុនអ្នកស្រីប្រឡូកក្នុងវិស័យម្ហូបអាហានេះអ្នកស្រីក៏ធ្លាប់ជាអ្នកលក់សម្លៀកបំពាក់នៅផ្សារក្នុងមួយកន្លែងផងដែរ។ ដោយមើលឃើញពីតម្រូវការអតិថិជនអ្នកស្រីក៏ចាប់ផ្ដើមលក់ម្ជូរ នៅមុខហាងបន្ទាប់មកក៏ចាប់ផ្ដើមមានលក់ភេសជ្ជៈនិងអាហាសម្រន់ជាបន្តបន្ទាប់ ដោយដាក់ឈ្មោះថាម្ជូរក្ដាមក្រឡុក។ ក៏ព្រោះតែមើលឃើញពីវិស័យនេះកាន់តែល្អបូករួមការស្រលាញ់ចូលចិត្តផងនោះអ្នកស្រីក៏សម្រេចឈប់លក់ខោអាវ ក៏ចាប់យកវិស័យនេះពេញទីតែម្ដង ហើយក៏ប្ដូរឈ្មោះទៅជា រំយោល ហ្គាឌិន នេះឯង៕


