កាលពីពេលថ្មីៗនេះ ស្ថានឯកអគ្គរាជទូតបានសង្កេតឃើញមានការបង្ហោះសារជាអក្សរ និងជាវីដេអូ ដោយបានជជែកវែកញែកជាហូរហែពាក់ព័ន្ធនឹងប្រភពរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ប្រភពដើម ថាជាទំនិញរបស់កម្ពុជានៅលើផលិតផលថៃ។ ពាក់ព័ន្ធនឹងករណីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋ កូរ៉េក៏បានធ្វើការបំភ្លឺដូចខាង២ចំនុចនេះ៖
១. ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul (រំដួល) ដែលកំពុងត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េគឺពិតជាមានប្រភពដើមមកពីកម្ពុជា ១០០%និងត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ Hyundai Corporation របស់សាធារណរដ្ឋកូរ៉េ ដែលបានបោះទុនវិនិយោគនៅប្រទេសកម្ពុជា។
២. ពាក់ព័ន្ធនឹងករណីប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃស្ថានឯកអគ្គរាជទូត បានចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ដើម្បីស្រាវជ្រាវ និងបានទៅដល់ទីតាំង ម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ។
ជាមួយគ្នានោះដែរ ជាលទ្ធផល ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមកពិតជា មានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។ នៅក្នុងនោះ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុង ប្រយ័ត្ន និងជៀសវាងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការ តាមផ្លូវច្បាប់។

គួរបញ្ជាក់បថា បងប្អូនមានមន្ទិលសង្ស័យ ឬជួបប្រទះការក្លែង បន្លំប្រភពដើមនៃទំនិញថាជាផលិតផលរបស់កម្ពុជា បងប្អូនអាចរាយការណ៍មកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត ឬលេខទូរស័ព្ទ៖ 010-7558-8665 បានផងដែរ៕


