សេដ្ឋីលេខ១ម៉ាឡេស៊ីRobert Kuok ប្រើក្បួនរកស៊ីល្អបំផុត៣យ៉ាង កសាងទ្រព្យ១៥.៥ពាន់លាន$
ឡុង វឌ្ឍនៈMAY 10 2022311 views

កន្លងមកយើងនិយមឮអំពីរឿងរ៉ាវរបស់មហាសេដ្ឋីល្បីៗលើពិភពលោក ដែលវិនិយោគទៅលើបច្ចេកវិទ្យា ដើម្បីដើរតាមសកលភាវូបនីយកម្ម ប៉ុន្តែអាជីវកម្មបែបប្រពៃណីរបស់មហាសេដ្ឋី៣សាសន៍ Robert Kuok  គឺវិនិយោគនៅលើវិស័យកសិកម្ម ចាប់តាំងពីលោកនៅជាយុវជនស្ទើរកម្លោះមកម៉្លេះ។

ជាមួយគ្នានេះដែរ សាច់រឿងរបស់លោកបានអង្រួនចិត្តបណ្តាសហគ្រិនជាច្រើន ដែលជាអ្នកជំនាន់ក្រោយបានដើរតាមគន្លងរបស់លោកមិនតិចនោះទេ​​ តាមរយៈការទទួលរងនូវឥទ្ធិពលពី ដំណើរតស៊ូក្នុងជីវិត និងអាជីវកម្មរបស់លោក ពីចំណុចតូចតាច រហូតគេទទួលស្គាល់ថា​ជាស្តេចស្ករនៅអាស៊ី​ (The King of Sugar in Asia) ។ មុននឹងស្វែងយល់ពីក្បួនអាជីវកម្មជិតមួយសតវត្សរបស់ស្ថាបនិក Kuok Group យើងក៏ទៅជ្រាបត្រួសៗ អំពីដំណើរដើមទងនៃជីវិតរបស់ស្តេចស្ករ ស រូបនេះជាមុនសិន ។

លោក​ Robert Kuok កើតនៅ​ ថ្ងៃទី០៦​ ខែតុលា​​​ ឆ្នាំ១៩២៣ នាទីក្រុង​Johor Bahru​ប្រទេសម៉ាឡេស៊ី​ ក្នុងគ្រួសារដែលមានដើមកំណើតជាជនជាតិចិនដែលភៀសខ្លួនមកកាន់ម៉ាឡេស៊ីដោយសារបញ្ហាសង្រ្គាមនាក្នុងកំឡុងសតវត្សទី២០ និងមានបងប្អូន៣នាក់ ដោយលោកជាកូនពៅ​ក្នុងគ្រួសារ។​​ មិនយូរប៉ុន្មាន លោកក៏បានធ្វើការផ្លាស់ប្តូរទីលំនៅមកកាន់ប្រទេសសិង្ហបុរីតែម្នាក់​ឯងក្នុងវ័យ១៩ឆ្នាំ​ ដោយបានសិក្សានៅសកលវិទ្យាល័យ Raffles Institution​ ដែលមានលោក​ លី ក្វាន់យូ អតីតនាយករដ្ឋមន្រ្តី១របស់សិង្ហបុរីជាមិត្តរួមថ្នាក់។ ក្នុងវ័យរៀនសូត្រនេះដែរ លោកក៏បានចូលទៅបម្រើការងារ ឱ្យសហគ្រាសជួញដូរអង្ករ Mitsubishi របស់ជប៉ុន ដោយមានតួនាទីជាជំនួយការ ព្រមទាំងបានខិតខំធ្វើការងារឥតមានស្រាកស្រាន្ត ដើម្បីភាពរីកចម្រើនរបស់ស្ថាប័ន។

ប៉ុន្តែមេរៀនដ៏អស្ចារ្យ ដែលបានបង្រៀនលោកឱ្យក្លាយជាមនុស្សអស្ចារ្យ គឺលោកទទួលបានចំណេះដឹង បទពិសោធន៍ពីទីនេះ និងសិស្សច្បងរបស់លោកម្នាក់។  មេរៀនដែលរៀនដោយឥតបង់ថ្លៃ គឺការរកឃើញខ្លួនឯងថា លោកពិតជាស្រឡាញ់វិស័យដែលលោកកំពុងធ្វើនេះខ្លាំងបំផុត។ លោកបេ្តជ្ញាថា ពេលលោកត្រឡប់ទៅប្រទេសកំណើតវិញ លោកនឹងក្លាយជាបុគ្គលមួយរូប ដែលរួមចំណែកធ្វើឱ្យកសិកររីករាយ។

ដោយហេតុថាម៉ាឡេស៊ី ជាប្រទេសដែលសម្បូរទៅដោយធនធានកសិកម្ម​ អង្ករ ស្រូវសាឡី​ ក្លាយទៅជាគោលដៅទី១​ របស់លោក។ ក្នុងវ័យ២៤​ ឆ្នាំយុវជន Robert បានធ្វើការត្រឡប់មកមាតុភូមិរបស់លោកវិញ និងបានកសាងអាណាចក្រជំនួញថ្មីថ្មោង ដោយមានបងប្អូនបង្កើតទាំង៣ជាជំនួយការក្នុងអាជីវកម្ម​ ​ដោយចាប់ផ្តើមដំបូងគឺជាអាជីវកម្មបែបប្រពៃណីប៉ុណ្ណោះ និងបានរីកធំធាត់រហូតមកដល់បច្ចុប្បន្ន ក្លាយជាអាជីវកម្មលេចធ្លោមួយផងដែរនៅអាស៊ី។

ចំពោះដំបូន្មានក្នុងអាជីវកម្មរបស់លោក៣យ៉ាងដែលលោកយកមកបណ្តាក់ទុនវិញនោះគឺ៖

.ស្តាប់អ្នកដទៃ​​​ រៀនសូត្រនូវរឿងរ៉ាវល្អៗពីអ្នកដទៃឱ្យបានច្រើនបំផុត

.កុំភ័យខ្លាចចំពោះហានិភ័យ ចូរក្លាហានក្នុងការបង្កើតកំហុស

.ដាក់ខ្លួនឱ្យទាបអ្នកដទៃនឹងបង្រៀនអ្នក។

ជុំវិញដំបូន្មានទាំងអម្បាលម៉ានខាងលើនេះគឺលោកបានទទួលពីការទូន្មានពីអ្នកម្តាយរបស់លោក ក្នុងពេលមុនចាប់ផ្តើមរកស៊ី។ គួរបញ្ជាក់ផងដែរថា លោកមហាសេដ្ឋី Robert Kuok​ គឺជាស្ថាបនិកក្រុមហ៊ុន Kuok Group ដែលមានបុត្រសម្ព័ន្ធរកស៊ីលើវិស័យជា​ច្រើនដូចជា​​​ អចលនទ្រព្យ ឧស្សាហកម្ម កសិឧស្សាហកម្ម សហគ្រាស​ និងសណ្ឋារគារផងដែរ។ លោកបានក្លាយជាមហាសេដ្ឋីទីមួយនៅម៉ាឡេស៊ី និងឈរនៅលេខរៀងទី១០៤ នៅក្នុងពិភពលោក ជាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ១៥.៥ ពាន់លានដុល្លារក្នុងជន្មាយុ ៩៨ ឆ្នាំ ព្រមទាំងត្រូវបានគេស្គាល់នៅទូទាំងពិភពលោកថាជាសេ្តចស្ករ ស នៅអាស៊ី នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Forbes ហើយបច្ចុប្បន្ននេះលោកកំពុងរស់នៅទីក្រុងហុងកុង៕

អត្ថបទដោយ​ ពីង ជូអេង ( ត្រចៀកកាំ )

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia