ផ្លូវកៅស៊ូនិងបេតុង ប្រវែងជាង ៤០ គីឡូម៉ែត្រត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ
Bunthoeun KoemOCTOBER 17 2025902 views

ទី១៧ ខែតុលា ឆ្នាំ២០២៥ ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបចំនួន ៦ខ្សែ ប្រវែងសរុប ៤០,៥០គ.ម. ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានពីធីបើកការដ្ឋានសាងសង់ជាផ្លូវការ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅតំបន់ជនបទ។​ ដោយក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល​នៃគណៈអភិបាលខេត្ត​ និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ផងដែរ។

 

564710377 1125493709730911 6487380115712818444 N

 

តាមការចុះផ្សាយដោយរដ្ឋបាលខេត្ដកំពង់ឆ្នាំង ពិធីបើការដ្ឋាន​ បាន​រៀបចំឡើងនៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ១ ០០០នាក់។

 

565660855 1125494133064202 2543747464882017220 N

 

គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) គឺជាគម្រោងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូរអភិវឌ្ឍន៍ មានដូចជាៈ (IFAD), (EIB) និង(EU-AIF) ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។ គម្រោងត្រូវស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុងសរុបចំនួន ៦៦ខ្សែ ប្រវែងសរុប ៥៣៧គ.ម, កែលម្អផ្សារសហគមន៍ចំនួន ៦ផ្សារ សាងសង់កំពង់ដសហគមន៍ចំនួន ៤ និងសាងសង់កន្លែងប្រមូលផ្តុំផលិតផលសម្រាប់បណ្តុំកសិករចំនួន ៥កន្លែង មានអ្នកទទួលផលសរុប ២៦១ ៤៧៦គ្រួសារ ស្មើនឹង ១ ១២៣ ៦៣៥នាក់ ក្នុងនោះស្រី ៥៧៥ ៧៦៧នាក់ នៅក្នុងខេត្តចំនួន១២ រួមមាន៖ ខេត្តកំពត តាកែវ កណ្តាល ស្វាយរៀង កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

 

564593594 1125494239730858 3087765626641865363 N

 

ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើផ្ទៃប្រទេស ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

 

565617074 1125493993064216 8208082091773195677 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia