បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងនោះគម្រោង សាងសង់ពង្រីកបន្ថែមសា្ថនីយបូមទឹកបឹងទំពន់ដោយបំពាក់បន្ថែមម៉ូទ័របូមទឹកមុខកាត់ ១,៥ម៉ែត្រចំនួន០២គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ម៉ែត្រគូប ក្នុង១វិនាទី។ បច្ចុប្បន្នការងារសាងសង់ស្ថានីយនេះដល់ដំណាក់កាល សង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ទទឹងផ្លូវលេខ៣៧១ ចំណុចមុខ ស្ថានីយបូមទឹកបឹងទំពន់។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ បានឲ្យដឹងថា ដើម្បីឱ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទកំណាត់ផ្លូវលេខ៣៧១ ចំណុចមុខស្ថានីយបូមទឹកបឹងទំពន់ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យរាជធានីភ្នំពេញដោយត្រូវបិទម្ខាង និងបើកម្ខាងជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។
អាជ្ញាធរ ក៏បានស្នើរឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់៕