ដំណឹងល្អ! ខេត្ដកំពតបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានក្រវាត់ក្រុងប្រវែងជិត ១០ គីឡូម៉ែត្រ
Bunthoeun KoemNOVEMBER 11 202530 views

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្ដកំពត បានបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានក្រវាត់ក្រុងកំពតប្រវែងជិត ១០គីឡូម៉ែត្រ ដោយកាត់តាមឆ្នេរកោះស្មៅឆ្លងព្រែកកំពង់បាយឆ្ពោះទៅកាន់សង្កាត់ត្រើយកោះ គឺក្នុងបំណងដើម្បីបម្រើដល់ពហុវិស័យ ពិសេសដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ព្រោះស្ពាននេះហោះរំលងផ្លូវ និងដងព្រែក ប្រវែងជិត ៤០០ម៉ែត្រ ហើយក៏មានវេរ៉ងដា និងបំពាក់កង្ហារយក្សមួយសម្រាប់ឱ្យភ្ញៀវថតរូបអនុស្សាវរីយ៍ផងដែរ។

 

580748674 122260443914083908 44

 

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងដែលមានប្រវែងជិត ១០គីឡូម៉ែត្រនេះ គឹជាអំណោយ និងកេរ្តិ៍តំណែលជាអមតៈ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា សម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត។

 

580706911 122260444226083908 58

 

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្រោយពេលសង់រួច ផ្លូវ ពិសេសស្ពានដែលអាចធ្វើដំណើរឆ្លងកាត់ទាំងខាងក្រោម និងខាងលើមួយនេះ ហើយនិងបញ្ជៀសការកកស្ទះចរាចរណ៍នៅពេលមានបុណទានម្តងៗ រួមនឹងការបម្រើដល់ពហុវិស័យ ពិសេសវិស័យទេសចរណ៍។

 

581735672 122260444058083908 73

 

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ស្ពាននេះមានប្រវែង ៣៦៨ម៉ែត្រ ទទឹង ១៨ម៉ែត្រ ដោយសាងសង់រំលងផ្លូវ និងឆ្នេរកោះស្មៅ រួមជាមួយនឹងវេរ៉ងដាសងខាងស្ពាននៅចំកណ្តាល ដែលអាចឱ្យភ្ញៀវទេសចរអាចមើលទៅខាងកើតឃើញលំហសមុទ្រ និងខេត្តកែប មើលទៅទិសខាងលិចមើលឃើញទេសភាពភ្នំបូកគោ។ ជាមួយគ្នានេះដែរស្ពាននេះ ក៏មានបំពាក់នូវកង្ហារយកដើម្បីទាញយកថាមពលអគ្គិសនីដើម្បីបំភ្លឺស្ពាន និងតាមដងផ្លូវថ្មីនេះផងដែរ ហើយក្រោយស្ពាននេះសាងសង់រួចក្នុងរយៈពេល ១២ខែ ខេត្តកំពតនឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនបន្ថែមទៀត ហើយស្ពាននេះក៏អាចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាក្នុងសង្កាត់ត្រើយកោះឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

 

580541720 122260443926083908 43

580939153 122260444178083908 18

580903960 122260444052083908 71

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia