ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
Bunthoeun KoemJANUARY 31 2026

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល-ចែកចាយ និងផ្ដល់សេវាថែទាំរថយន្ដឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសផ្ដល់នូវអាហារូបករណ៍ចំនួន ១០០ នាក់ ជូនដល់ពលករ និងជនភៀសសឹក ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៧ ខែមករា​ ឆ្នាំ២០២៦ កន្លងទៅនេះ។ កម្មវិធីទទួលបានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា, លោក វ៉ាន់ វិចិត្រ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ACEC និងការចូលរួមពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ គណៈគ្រប់គ្រងក្រុមហ៊ុន លោកគ្រូ អ្នកគ្រូ ពីមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា និងបណ្តាសមាជិកសារព័ត៌មាន។

 

621208927 1220838096917541 8374451069862319291 N

 

កម្មវិធីនេះត្រូវបានរៀបចំដោយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា  និង ទទួលបានការគាំទ្រពី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា។ សមិទ្ធផលនេះកើតចេញពីការប្តេជ្ញារួមគ្នារវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងភាពដៃគូយុទ្ធសាស្ត្រដើម្បីកសាងកម្លាំងពលកម្មជំនាញ និងលើកកម្ពស់ធនធានមនុស្ស ដែលផ្តល់ឱកាសអាទិភាពដល់ជនភៀសសឹក និងពលករដែលបានវិលត្រឡប់មកស្រុកវិញ។​ បេក្ខជនដែលទទួលបានអាហារូបករណ៍មិនត្រឹមតែបានរៀនដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានការរៀនជាមួយគ្រូជំនាញដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីប្រទេសអូស្ត្រាលី និងការចុះអនុវត្តផ្ទាល់លើរថយន្តទំនើបៗ សម្រាប់វគ្គសិក្សារយៈពេល ៣ ខែ នៅមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា។ ជំនាញទាំងនោះរួមមាន៖ ជួសជុលតួយានយន្ត តោន បាញ់ថ្នាំពណ៌ និងជួសជុលផ្នែកមេកានិចយានយន្ត។ បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ បេក្ខជននឹងទទួលបាននូវជំនាញបច្ចេកទេសមួយយ៉ាងច្បាស់លាស់ ដែលអាចយកទៅប្រើប្រាស់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ លើសពីនេះទៀត បេក្ខជនក៏អាចទទួលបានឱកាសការងារនៅក្រុមហ៊ុន អ អិម អេ ខេមបូឌា ឬតាមបណ្តាក្រុមហ៊ុន ស្ថាប័នយានយន្តធំៗនៅកម្ពុជា ដែលកំពុងមានតម្រូវការខ្ពស់ចំពោះកម្លាំងពលកម្មមានជំនាញបច្ចេកទេសផងដែរ។

 

621998369 1220838206917530 60929535445341912 N

 

លោកអគ្គនាយក ងន សាំង បានមានប្រសាសន៍ថា៖ «នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា បានផ្ដល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជា។ ជានិច្ចកាល ក្រុមហ៊ុន អ អិម អេ ខេមបូឌា​ តែងតែផ្តល់ត្រលប់ទៅឱ្យសង្គមជាតិវិញតាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមសាជីវកម្ម ដូចជា ការសាងសង់ និងជួសជុលសាលារៀន បណ្ណាល័យ បន្ទប់ទឹកស្អាត ការឧបត្ថម្ភរថយន្តដឹកវ៉ាក់សាំង រថយន្តសង្គ្រោះបន្ទាន់ ការដាំដើមឈើ ការបរិច្ចាគឈាម ការផ្តល់ជំនួយសប្បុរសធម៌ និងជំនួយវេជ្ជសាស្ត្រដល់ជនភៀសសឹក។ល។ បន្ថែ​មពីនេះ ក្រុមហ៊ុនក៏បានបង្កើតនូ​វមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តហ្វដចំនួន ១១ កន្លែង នៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលសិស្សនិស្សិតជំនាន់ក្រោយ ឱ្យមានជំនាញ ចំណេះដឹង និងសមត្ថភាពផ្នែកបច្ចេកទេសយានយន្ត​ ដោយមានការអនុវត្តផ្ទាល់ និងស្របតាមស្តង់ដាអន្តរជាតិ។»​ លោកជឿជាក់ថា ការវិនិយោគលើការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស សង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

 

អាហារូបករណ៍ ១០០% ចំនួន ១០០ កន្លែង បានបើកទទួលពាក្យហើយ និងចាប់ផ្តើមចូលរៀននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។​ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ សូមធ្វើការទំនាក់ទំនង ដើម្បីសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ៖ ០៧៨ ៨៨ ៥៨ ៥៨។

 

624122586 1220838763584141 5654464605071849027 N

 

អំពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក.

 

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៤ ឆ្នាំ មកហើយចាប់តាំងពីឆ្នាំ១៩៩២ ហើយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូននូវសេវាកម្មផលិតផលល្បីៗលើពិភពលោក សម្រាប់សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសមិនមែនពាណិជ្ជកម្មមានដូចជា៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម័្ពន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ល។

 

ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តហ្វដ (Ford) រថយន្ត Jeep និង RAM រថយន្ត Peugeot រថយន្ត ChangAn រថយន្តអគ្គិសនី Deepal សេវាកម្មជួលជុល និងថែទាំរថយន្ត Mercedes-Benz គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB)  គ្រឿងយន្តកសិកម្មចនឌារ (John Deere) រថយន្តដឹកទំនិញ FUSO រថយន្តផលិត និងក្រឡុកបេតុង AJAX ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត​ Hako ឧបករណ៍ SATA និងផលិតផលជាច្រើនទៀតផងដែរ។

 

អំពីមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (អេស ខេមបូឌា)

 

មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា ឬហៅកាត់ថា អេស ខេមបូឌា គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសរថយន្តកម្រិតខ្ពស់ និងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីសិក្សា និងបច្ចេកទេសបង្រៀនពីវិទ្យាស្ថាន Bendigo Kangan ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ល្បីល្បាញបំផុតមួយរបស់អូស្ត្រាលី។ ដូចនេះ រាល់សិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលនៅ អេស ខេមបូឌា នឹងទទួលបានចំណេះដឹងដូចទៅនឹងការសិក្សានៅប្រទេសអូស្ត្រាលីដែរ៕

 

624211178 1220839060250778 7390811953579221094 N

624231102 1220838156917535 3106980484320796306 N

621190570 1220838263584191 1696525761654098734 N

623819474 1220839203584097 4080523624915299302 N

623386739 1220839026917448 6465940980576598199 N

621846678 1220838043584213 4931576022832073825 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia