ក្រុមហ៊ុនបច្ចេកវិទ្យាធំ១ របស់អាមេរិក គ្រោងវិនិយោគនៅកម្ពុជា ផលិតថាមពលសម្រាប់នាំចេញ
Ping Chou EngDECEMBER 31 2024165 views

ក្នុងឱកាសជំនួបជាមួយ សម្តេចមហាបវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោកក្នុងសហការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកើតឡើងវិញ។

 

Photo 2024 12 30 14 55 06

 

នៅវិមានសន្ដិភាព ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោក Chris Larsen នាយកប្រតិបត្តិបាន បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក។

 

ជាការឆ្លើយតបសម្ដេចបវរធិបតីបានស្វាគមន៍ចំពោះលោកនាយកប្រតិបត្តិដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡានេះ ។

 

ក្នុងនោះសម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថាចំណាប់អារម្មណ៍របស់ក្រុមហ៊ុន គឺស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែលជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ។

 

តាមរយៈការដាក់ចេញគោលដៅឈានទៅសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ខណៈបច្ចុប្បន្ននេះកម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់ ៦២% រួចហើយ។

 

ជាចុងក្រោយសម្ដេចបវរធិបតីបានបន្ថែមថាសូមឱ្យភាគីក្រុមហ៊ុនពិភាក្សាបន្ថែមទៀតជាមួយក្រសួងនិងវិស័យពាក់ព័ន្ធ ដោយការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជានេះ នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជារវាងវិស័យឯកជននិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។

 

គួរជម្រាបផងដែរថាក្រុមហ៊ុន Ripple Inc. គឺជាក្រុមហ៊ុនបច្ចេកវិទ្យានិងហិរញ្ញវត្ថុមួយរបស់អាមេរិក ធ្វើអាជីវកម្មលើការបង្កើតការទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដើមឡើយក្រុមហ៊ុននេះមានឈ្មោះថា Opencoin ហើយបានប្តូរឈ្មោះនៅឆ្នាំ២០១៥ បច្ចុប្បន្នមានមូលដ្ឋាននៅទីក្រុង San Francisco រដ្ឋ California៕

 

Group 37 1 1

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia