យោងតាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ នឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះហើយ។ ការលើកឡើងរបស់ឯកឧត្ដម ត្រូវបានធ្វើឡើងនៅក្នុងពេលចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងកាលពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងបេសកម្មពិនិត្យបច្ចេកទេសនេះដែរ គណៈប្រតិភូ និងក្រុមការងារ បានចុះធ្វើតេស្តគុណភាព នៅតាមកន្លែងមួយចំនួន ហើយបានពិនិត្យឃើញថា ក្រុមហ៊ុនម៉ៅការសាងសង់ ពិតជាបានអនុវត្តត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសដែលជាតម្រូវការរបស់ក្រសួង។ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះនៅមិនទាន់ក្រវាត់ជុំវិញក្រុងនៅឡើយទេ (ពាក់កណ្តាលក្រវាត់) ដោយសារប៉ែកខាងកើត ដែលភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៦ នៅមិនទាន់បានស្ថាបនានៅឡើយទេ ប៉ុន្តែផែនការសាងសង់ ត្រូវបានដាក់បញ្ចូលទៅក្នុងគម្រោងរួចរាល់ហើយ។
ផ្លូវក្រវាត់ក្រុងទី៣ ត្រូបានស្ថាបនាចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ)។
ពិសេសជាងនេះទៅទៀត ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គផងដែរ។
សូមជម្រាបផងដែរថា គម្រោងផ្លូវក្រវាត់ក្រុងទី៣ នេះមានប្រវែង ៥,៣៧៥ គីឡូម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ (AC) មានកម្រាស់ ៩ស.ម.។ គម្រោងមួយនេះត្រូវបានអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក និងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លានដុល្លារអាមេរិក៕
អត្ថបទ៖ កឹម ប៊ុនធឿន