គម្រោងសាងសង់គម្រោងក្រវាត់ក្រុងទី៣ ប៉ែកខាងកើត ឬក្រវាត់ក្រុងទី៣ ដំណាក់កាលទី២ នឹងត្រូវចំណាយថវិកាសាងសង់ចំនួន ២៤០ លានដុល្លារ ខណៈគម្រោងនេះមានការសាងសង់ស្ពានធំៗចំនួន ៣ កន្លែងផងដែរ។ នេះបើតាមការលើកឡើងពីក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដែលជាអ្នកសិក្សាគម្រោងខាងលើ។
យោងតាមការដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នេះក្រុមហ៊ុនសំណង់សៀងហៃ បានជួបប្រជុំជាមួយឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ
យោងតាមបទបង្ហាញរបស់ក្រុមហ៊ុន គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។
បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព។
សូមជម្រាបផងដែរថា គម្រោងផ្លូវវាត់ក្រុងទី៣ នឹងងព័ទ្ធជុំវិញរាជធានីភ្នំពេញ (មួយជុំ) នៅពេលគម្រោងផ្លូវក្រវាត់ទី៣ ប៉ែកខាងកើតនេះសាងសង់រួច ខណៈបច្ចុប្បន្នក្រវាត់ក្រុងនេះទើបសាងសង់ពាក់កណ្ដាល់ប៉ុណ្ណោះ ដែលតភ្ជាប់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកដល់ផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្រេចរួចរាល់ជាង ៩០ ភាគរយផងដែរ៕
អត្ថបទ៖ កឹម ប៊ុនធឿន


